បន្ទាប់ ពីការប្រកួតវគ្គជម្រុះសន្សំពិន្ទុតាមពូលនៃពានរង្វាន់ UEFA Euro 2016 យប់មិញនេះ ឃើញថាក្រុមដែលជាប់ដោយស្វ័យប្រវត្តិ ទៅលេងនៅប្រទេសបារាំង បានកើនឡើងដល់៦ក្រុមហើយ ដែលមានដូចជា អង់គ្លេស, សាធារណរដ្ឋឆេក, អ៊ីស្លង់ (Iceland), អូទ្រីស, អៀរឡង់ខាងជើង និងព័រទុយហ្គាល់។
ក្រុមទាំង៦ខាងលើនេះ បូករួមទាំងម្ចាស់ផ្ទះបារាំង គឺ៧ក្រុម នឹងបង្ហាញខ្លួននៅ Euro 2016 ឆ្នាំក្រោយ ខណៈក្រុមមួយចំនួនទៀតក៏កាន់តែកៀកនឹងឡើងទៅដែរ ឯក្រុមមួយចំនួនបានអស់ឱកាសទៅហើយ។
តោកំណាចអង់គ្លេស នៅវគ្គជម្រុះតាមពូលនេះ គឺខ្លាំងគ្មានគូប្រៀបទេ ដោយ៨ប្រកួត ឈ្នះទាំង៨ មាន២៤ពិន្ទុ ឈរលើកំពូលតារាងពូល E។ រីឯសាធារណរដ្ឋឆេក និងអ៊ីស្លង់ ឈ្នះ៦ ស្មើ១ ចាញ់១ដូចគ្នា មាន១៩ពិន្ទុស្មើគ្នាក្នុងពូល A និងជាប់ទាំង២ក្រុមតែម្ដង។
ចំណែកឯអូទ្រីសវិញ ៨ប្រកួត ឈ្នះ៧ និងស្មើ១ មាន២២ពិន្ទុ នាំមុខគេដាច់នៅកំពូលតារាងពូល G ខណៈដែលអៀរឡង់ខាងជើង មាន២២ពិន្ទុកំពូលតារាងពូល F បន្ទាប់ពីឈ្នះក្រិក ៣-១ យប់មិញ និងព័រទុយហ្គាល់ មាន១៨ពិន្ទុពូល I បន្ទាប់ពីឈ្នះដាណឺម៉ាក ១-០ យប់មិញដែរ។
UEFA Euro 2016 គឺត្រូវការស្វែងរកក្រុមខ្លាំងចំនួន២៣ក្រុមនៅអឺរ៉ុប ដើម្បីបង្គ្រប់ជាមួយម្ចាស់ផ្ទះបារាំងគឺ២៤ក្រុម នឹងលេងវគ្គផ្ដាច់ព្រ័ត្រឆ្នាំក្រោយ។ ក្រុមលេខ១ និងលេខ២ ក្នុងពូលនីមួយៗ (៩ពូល) នឹងជាប់ទៅលេងដោយស្វ័យប្រវត្តិ ជាមួយក្រុមលេខ៣ល្អបំផុតមួយក្រុមទៀត។ ចំណែកក្រុមលេខ៣ដែលនៅសល់៨ក្រុមផ្សេងទៀត ត្រូវប្រកួត play-off យក៤កៅអីដែលនៅសល់៕