ក្នុង រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ គេសង្កេតឃើញថា វិស័យទូរសព្ទរបស់ក្រុមហ៊ុន Sony ហាក់ជួបប្រទះនឹងការលំបាកខ្លាំង ដោយសារតែផលចំណេញរបស់ខ្លួនថយចុះជាលំដាប់ ហើយក្នុងឆ្នាំ២០១៦នេះ Sony អាចនឹងបាត់មុខពីទីផ្សារទូរសព្ទប្រសិនបើនៅតែបន្តការធ្លាក់ចុះ នៃផលចំណេញដូចនេះ។
បើតាមការលើកឡើងរបស់នាយកប្រតិបត្តិក្រុមហ៊ុន Sony លោក Kazuo Hirai បានឲ្យដឹងថា លោកទុកពេលមួយឆ្នាំទៀតចំពោះវិស័យទូរសព្ទរបស់ក្រុមហ៊ុនដើម្បី ស្ដារមុខមាត់ឡើងវិញ។ លោកបានបន្តថា ប្រសិនក្នុងឆ្នាំ២០១៦នៅតែមិនទទួលបានផលចំណេញទេនោះ គេនឹងពិចារណាលើជម្រើសផ្សេងទៀតចំពោះវិស័យទូរសព្ទនេះ។
វិស័យទូរសព្ទរបស់ក្រុមហ៊ុន Sony ត្រូវបានគេវាយតម្លៃថា អាចនឹងមានការខាតបង់ប្រមាណជា ៤៨០លានដុល្លារក្នុងឆ្នាំនេះ ដោយចំនួនគឺច្រើនជាងការវាយតម្លៃកាលពីខែមេសា ដែលខាតបង់ត្រឹម ៣១០លានដុល្លារ។ បញ្ហាដែលបណ្ដាលឲ្យមានការខាត់បង់ធ្ងន់ធ្ងរដូចនេះគឺដោយសារតែ ក្រុមហ៊ុនមិនអាចវាយលុកចូលទីផ្សារអាមេរិកបាន ពោលគឺអាចកាន់កាប់បានតែ១ភាគរយប៉ុណ្ណោះលើទីផ្សារទូរសព្ទរបស់ ប្រទេសនេះ។ ចំណែកក្នុងប្រទេសកំណើតរបស់ខ្លួន ក្រុមហ៊ុននេះក្ដោបក្ដាប់ទីផ្សារទូរសព្ទបានតែ១៧,៥ភាគរយប៉ុណ្ណោះ។
គួរបញ្ជាក់ថា ក្រុមហ៊ុនយក្សរបស់ប្រទេសជប៉ុនមួយនេះទើបតែបានបញ្ចប់ជំនួញ កុំព្យូទ័ររបស់ខ្លួនកាលពីឆ្នាំកន្លងទៅ ហើយចំពោះជំនួញទូរសព្ទក៏អាចប្រឈមមុខនឹងការបញ្ចប់ដូចគ្នានេះ ដែរប្រសិនបើមិនអាចរកប្រាក់ចំណេញបានទេនោះ៕