ជើង ខ្លាំងកម្ពុជា កែវ រំចង់ បានចាញ់ជើងខ្លាំងថៃ Iquezang ដោយពិន្ទុនៅក្នុងកម្មវិធី Thai Fight មុននេះបន្តិចនៅប្រទេសវៀតណាម ប៉ុន្តែការចាញ់នេះទំនងជាធ្វើឲ្យកីឡាករកម្ពុជាម្នាក់នេះមិន អស់ចិត្តឡើយ ពីព្រោះរូបគេបានចូលវាយទាំង៣ទឹកពេញ។
ការប្រកួតទាំង៣ទឹករបស់អ្នកទាំងពីរមិនបានធ្វើឲ្យកីឡាករណា ម្នាក់បាក់ស្រុតចុះកម្លាំងឡើយ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារ កែវ រំចង់បានព្យាយាមចូលវ៉ៃដោយអង់អាចក្លាហាន។ នៅទឹកទី១ កែវ រំចង់បានទាត់ជើងក្រោមយ៉ាងប្រហែលជាបីទៅបួនជើង ខណៈកីឡាករថៃម្នាក់នេះបានព្យាយាមទាត់លើ។ នៅទឹកទីពីរ អ្នកទាំងពីរប្តូរកណ្តាប់ដៃគ្នាទៅវិញទៅមក ហើយកែវ រំចង់នៅតែបន្តវាយសម្រុក ប៉ុន្តែត្រូវបានកីឡាករថៃម្នាក់នេះវ៉ៃចំមាត់បណ្តាលឲ្យរូបគេ ធ្លាក់ប្រដាបការពារធ្មេញចេញពីមាត់។ នៅទឹកទី៣ កែវ រំចង់នៅបន្តព្យាយាមសម្រុកចូលវាយ តែវាយគេមិនសូវត្រូវគោលដៅដោយសារកីឡាករថៃម្នាក់នេះព្យាយាមគេច ថយក្រោយ។ ទន្ទឹមនឹងការថយក្រោយ Iquezang បានរង់ចាំទាត់ដែលជារឿយៗកីឡាករថៃម្នាក់នេះទាត់ចេញមុន ហើយកែវ រំចង់បានទាត់សងក្រោយ។
ទោះយ៉ាងណា ការប្រកួតរបស់ពួកគេមើលទៅមិនមានលើសខ្វះគ្នាប៉ុន្មានឡើយដែល ជាហេតុធ្វើឲ្យកីឡាករកម្ពុជាម្នាក់សង្ឃឹមទទួលបានជ័យជម្នះ ប៉ុន្តែចៅក្រមបានប្រកាសឲ្យរំចង់ចាញ់ពិន្ទុ៕