បណ្ដាញ សង្គម Facebook បានធ្វើការកែប្រែថ្មីមួយទៀតដោយបានបន្ថែមនូវលទ្ធផល Search ចំនួន២ទ្រីលាន Post ដែលក្នុងនោះរួមមានទាំង Post របស់អ្នកផងដែរ។
គោលបំណងនៃកំណែប្រែថ្មីនេះរបស់ Facebook គឺមិនចង់ឲ្យអ្នកប្រើប្រាស់ចាកចេញពីកម្មវិធីរបស់ខ្លួនដើម្បី តាមដានការ Update ថ្មីរបស់កម្មវិធីណាមួយនៅលើវិបសាយ ឬកម្មវិធីផ្សេងទៀត។ ចំពោះកំណែប្រែថ្មីនេះទៀតសោតក៏ជាប្រកួតប្រជែងថ្មីមួយទៀត ជាមួយនឹង Twitter ដែលបានបង្ហាញពីប្រព័ន្ធស្រដៀងគ្នានេះកាលពីថ្មីៗកន្លងទៅនេះ។
កំណែប្រែថ្មីនេះអាចនិយាយថា មានផ្ដល់ទាំងគុណសម្បត្តិរួមទាំងគុណវិបត្តិដល់អ្នកប្រើប្រាស់ ហើយគុណសម្បត្តិនោះគឺការស្វែងរកព័ត៌មានអ្វីមួយមានភាពរហ័សជាង មុន។ និយាយពីគុណវិបត្តិវិញគឺ Post ចាស់ៗរបស់អ្នកដែលមានជាព័ត៌មានឬរូបភាពមិនសមរម្យមួយចំនួន អាចនឹងត្រូវអ្នកដទៃ មិនមែនជាមិត្តរបស់អ្នក Search រកឃើញបាន។ ត្រង់ចំណុចនេះអ្នកតំណាង Facebook បានបញ្ជាក់ថា សម្រាប់អ្នកដែលមិនចង់ឲ្យគេ Search ឃើញ Post ចាស់ៗរបស់ខ្លួន អាចធ្វើការកំណត់ដោយខ្លួនឯងបានដោយមិនចាំបាច់ព្រួយបារម្ភនោះ ឡើយ។
គួរបញ្ជាក់ផងថា បច្ចុប្បន្នការពង្រីកវិសាលភាពនៃការ Search នេះមានតែចំពោះអ្នកប្រើប្រាស់ Facebook នៅសហរដ្ឋអាមេរិកប៉ុណ្ណោះ ចំណែកឯតំបន់ផ្សេងទៀតនឹងមាននៅពេលខាងមុន៕