Jose Mourinho អ្នកចាត់ការក្រុម Chelsea ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេស (FA) ចោទប្រកាន់ថា បានប្រព្រឹត្តិខុសវិជ្ជាជីវៈរបស់ខ្លួន ដោយរិះគន់មន្ត្រីអាជ្ញាកណ្ដាល ពេលតោខៀវ ប្រកួតចាញ់ Southampton ៣-១ នៅ Stamford Bridge កាលពីថ្ងៃសៅរ៍។ បើអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះ ពុំមានអ្វីបកស្រាយសមហេតុផលទេ នោះនឹងត្រូវជាប់ពិន័យរបស់ FA។
Mourinho យល់ថាអាជ្ញាកណ្ដាល Robert Madley បានបដិសេធ មិនព្រមឲ្យបាល់ពិន័យ១១ម៉ែត្រទៅ Chelsea កាលថ្ងៃសៅរ៍ និងបន្ថែមថាអាជ្ញាកណ្ដាលហាក់ដូចជាមានភាពភ័យខ្លាច ក្នុងការសម្រេចចិត្តមួយនេះ។
យ៉ាងណា អតីតអ្នកចាត់ការ Real Madrid នឹងមានពេលរហូតដល់ម៉ោង៦:០០ល្ងាច (នៅអង់គ្លេស) ថ្ងៃព្រហស្បតិ៍ ដើម្បីចូលបកស្រាយបំភ្លឺករណីនេះ ហើយបើសម្ដីនោះជាការពិតមែន នោះ Mourinho នឹងត្រូវជាប់ពិន័យរបស់សហព័ន្ធ។
អ្នកចាត់ការរហស្សនាម “Special One” បាននិយាយធ្ងន់ៗ ក្រោយប្រកួតចាញ់ Southampton ថា៖ “តោខៀវ តែងទទួលការដាក់ទោសពីមន្ត្រីអាជ្ញាកណ្ដាល ព្រោះពួកគេចាំតែចាប់កំហុស។ តែបើ FA ចង់ដាក់ទោសខ្ញុំ ពួកគេអាច”៕