Josep Maria Bartomeu ប្រធានក្លិប Barcelona បានឆ្លើយតបទាំងកំហឹង ទៅលើសេចក្ដីរាយការណ៍មួយ ដែលលើកឡើងថា Lionel Messi នឹងចាកចេញពីអ្នកមានបុណ្យ ហើយលោកសង្កត់ធ្ងន់ថា ការលើកឡើងនេះ គឺជារឿងឡប់សតិគួរឲ្យខ្មាសអៀនមួយ។
Messi បច្ចុប្បន្ន កំពុងសម្រាកព្យាបាលរបួសជង្គង់ ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុននេះ មានសារព័ត៌មានជាច្រើនលើកឡើងថា តារាឆ្នើមរូបនេះចង់ចាកចេញពីកីឡដ្ឋាន Camp Nou ដែលអាចផ្ទេរទៅ Premier League លេងឲ្យក្រុម Chelsea, Manchester City និង Manchester United ជាដើម។
យ៉ាងណា លោក Bartomeu បានចេញមកបដិសេធហើយថា កីឡាករដ៏សំខាន់រូបនេះ នឹងមិនចាកចេញទៅណាទេ។ បុរសវ័យ៥២ឆ្នាំរូបនេះ ប្រាប់ដល់ 8TV ថា៖ “អ្នកដែលនិយាយថា Messi នឹងចាកចេញពី Barcelona គួរតែមានការខ្មាសអៀនខ្លួនឯង។ Messi កំពុងព្យាបាលរបួស ដើម្បីឲ្យជាទាន់ប្រកួត Madrid-Barcelona។ គាត់សង្ឃឹមថា នឹងអាចលេង El Clasico ហើយរបួសរបស់គាត់ កំពុងតែស្ថិតក្នុងដំណើរការព្យាបាលយ៉ាងល្អ”។
“Leo និងឪពុករបស់គាត់ បាននិយាយថាពួកគេមិនដែលស្រមៃចង់ទៅលេងនៅក្លិបណាផ្សេងទេ។ ទំនាក់ទំនងរបស់យើងជាមួយគ្រួសាររបស់គេល្អណាស់។ គាត់នៅជាប់កិច្ចសន្យា ៣រដូវកាលទៀត”។ ប្រធានក្លិបសញ្ជាតិអេស្ប៉ាញបន្ថែម។
Messi បានរងរបួសជង្គង់ខាងឆ្វេងធ្ងន់ធ្ងរ កាល Barca ឈ្នះ Las Palmas ទាំងប្រផុតប្រផើយ ២-១ កាលចុងខែកញ្ញា ដែលធ្វើឲ្យម្ចាស់ពានរង្វាន់ Ballon d’Or ៤សម័យកាលរូបនេះ ត្រូវអវត្តមានដល់ទៅជិត២ខែ។ ប៉ុន្តែគេរំពឹងថា ខ្សែប្រយុទ្ធរូបនេះ នឹងអាចជាសះស្បើយទាន់ ពេលប្រកួតធំ Barca ប៉ះ Real Madrid នៅចុងខែវិច្ឆិកាខាងមុខ៕