Cristiano Ronaldo បានបំបែកកំណត់ត្រា UEFA Champions League ដោយក្លាយជាកីឡាករដំបូងគេ ដែលអាចស៊ុតចូលទីបាន១០គ្រាប់នៅវគ្គសន្សំពិន្ទុតាមពូល បន្ទាប់ពីតារាឆ្នើមរូបនេះ ស៊ុត៤គ្រាប់ ដោយប្រើពេលមិនដល់២០នាទី ក្នុងការប្រកួត ដែល Real Madrid លត់ក្រុមស៊ុយអែត Malmoe FF ដល់ទៅ ៨-០ កាលពីយប់មិញ។
៨គ្រាប់របស់ក្រុមស្ដេចស ធ្វើបានដោយ Karim Benzema ហែតទ្រីកនៅនាទី (១២,២៤,៧៤) និង Mateo Kovacic នៅនាទី៧០។ រីឯ Ronaldo ប្រើពេលចន្លោះត្រឹមតែ១៩នាទីប៉ុណ្ណោះ ស៊ុតបាន៤គ្រាប់ និង១គ្រាប់ដំបូង ស៊ុតដោយបាល់ហ្វ្រីឃីតនាទី៣៩ ខណៈដែល៣គ្រាប់ទៀតកើតឡើងនៅនាទី៤៧, ៥០ និងនាទី៥៩។
៤គ្រាប់របស់ CR7 យប់មិញនេះ មិនត្រឹមតែជាប់កំណត់ត្រាស៊ុត១០គ្រាប់នៅវគ្គសន្សំពិន្ទុតាម ពូលប៉ុណ្ណោះទេ ពោលគឺថែមទាំងជាប់កំណត់ត្រាលើនោះទៀតដល់ទៅ១១គ្រាប់ឯណោះ ខណៈដែល កំណត់ត្រាចាស់ Luiz Adriano និង Ronaldo ខ្លួនឯងផ្ទាល់ ស៊ុតបាន៩គ្រាប់ដូចគ្នា។
ក្រៅពីកំណត់ត្រាខាងលើនេះ ក៏នៅមានស្ថិតិមួយចំនួនទៀត គួរឲ្យកត់សំគាល់ផងដែរ សម្រាប់កីឡាករ៣០ឆ្នាំ CR7 ដោយក្នុងនោះមានដូចជា៖
– ជាកីឡាករ Real Madrid ដំបូងគេ ដែលស៊ុតបាន៤គ្រាប់ ក្នុង១ប្រកួតនៅ UEFA Champions League។
– ស៊ុតសរុបនៅ UEFA Champions League បាន៨៥គ្រាប់ច្រើនជាងគេ លើ Lionel Messi (៧៩គ្រាប់) ចំនួន៦គ្រាប់។
– CR7 ស៊ុតចូលទីច្រើនជាង ២៣ក្រុមផ្សេងទៀតនៅ UEFA Champions League រដូវកាលនេះ៕
សូមទស្សនាវីដេអូខាងក្រោម៖