នៅ លីកកំពូលអឺរ៉ុបទាំង៥រដូវកាលនេះ មកទល់បច្ចុប្បន្នមានតែ៤ក្រុមប៉ុណ្ណោះ ដែលនៅរក្សាកំណត់ត្រាស៊ុតចូលទីគូប្រកួតគ្រប់ប្រកួតទាំងអស់ ក្នុងលីក ដោយ៤ក្រុមនោះគឺនៅលីកកំពូលអង់គ្លេស Premier League, La Liga របស់អេស្ប៉ាញ, Serie A របស់អ៊ីតាលី និង Bundesliga របស់អាល្លឺម៉ង់ ប៉ុន្តែសម្រាប់ Ligue 1 របស់បារាំង ពុំមានក្រុមណាស៊ុតចូលគ្រប់ប្រកួតទេ រហូតដល់សប្ដាហ៍នេះ។
* ក្រុមខ្លាំងទាំង៤នោះគឺ៖
១. Borussia Dortmund – ៤២គ្រាប់
គិតត្រឹមសប្ដាហ៍ទី១៥នៅ Bundesliga ក្រុម Borussia Dortmund គឺជាក្រុមតែមួយគត់ ដែលស៊ុតចូលគូប្រជែងគ្រប់ប្រកួត ដោយស៊ុតសរុប៤២គ្រាប់ ឈរនៅចំណាត់ថ្នាក់លេខ២ មាន៣៥ពិន្ទុ ចាញ់ក្រុមកំពូលតារាង Bayern Munich ៥ពិន្ទុ។
២. Barcelona – ៣៤គ្រាប់
នៅ La Liga របស់អេស្ប៉ាញ ប្រកួតបាន១៤លើកហើយ ដោយក្រុមកំពូលតារាង Barca គឺជាក្រុមតែ១គត់ ដែលស៊ុតចូលគូប្រជែងរាល់ប្រកួតរដូវកាលនេះ ដោយសរុបស៊ុតបាន៣៤គ្រាប់ មាន៣៤ពិន្ទុ លើក្រុមលេខ២ Atletico Madrid ២ពិន្ទុ។
៣. Leicester City – ៣២គ្រាប់
១៥ប្រកួតកន្លងទៅនៅ Premier League ក្រុមកំពុងឡើងជើងខ្លាំង Leicester ស៊ុតចូលគ្រប់ប្រកួតទាំងអស់សរុប៣២គ្រាប់ មាន៣២ពិន្ទុ ឈរកំពូលតារាង លើក្រុមលេខ២ Arsenal ២ពិន្ទុ។
៤. Fiorentina – ៣០គ្រាប់
នៅលីកកំពូលអ៊ីតាលី Serie A ប្រកួតបាន១៥លើកហើយដែរ ដោយក្នុងនោះក្រុម Fiorentina គឺជាក្រុមតែមួយគត់ ដែលស៊ុតចូលគេគ្រប់ប្រកួតសរុប៣០គ្រាប់ មាន៣២ពិន្ទុ ស្ថិតនៅលេខ២ ចាញ់ក្រុមកំពូលតារាង Inter Milan ១ពិន្ទុ៕