ក្រោយ ស៊ុតបញ្ចូលទីលើក្រុម Malmo ៤គ្រាប់កាលពីយប់ថ្ងៃអង្គារ និងបានបំបែកកំណត់ត្រា UEFA Champions League រួចមក Cristiano Ronaldo បានចេញមុខចេញមាត់ យ៉ាងពេញលេញជាមួយអ្នកសារព័ត៌មាន ថែមទាំងនិយាយវាយបកទៅឲ្យអ្នក ដែលដាក់រហស្សនាមឲ្យខ្លួនថា “Penaldo” ផងដែរ។
ខ្សែបម្រើប្រយុទ្ធក្រុម Real Madrid រូបនេះ ត្រូវបានអ្នកសារព័ត៌មានសួរពីរឿង ដែលគេហៅថា “Penaldo” ដោយសារតែអ្នករិះគន់ជាច្រើន ជឿថាគ្រាប់បាល់របស់កីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះ ភាគច្រើនរកបានដោយបាល់ពិន័យ១១ម៉ែត្រ (penalties)។
យ៉ាងណា កីឡាករវ័យ៣០ឆ្នាំ Ronaldo បានឆ្លើយតបប្រាប់ដល់ Goal ថា៖ “អ្នកត្រូវតែក្រឡេកទៅមើលស្ថិតិ។ តើខ្ញុំបានស៊ុតបញ្ចូលទីប៉ុន្មានឲ្យ Real Madrid? ហើយគ្រាប់ទាំងអស់នោះ មិនមែនជាគ្រាប់បាល់ ដែលកើតឡើងដោយការទាត់បាល់ពិន័យ១១ម៉ែត្រទាំងអស់ទេ”។
Ronaldo ដែលបានក្លាយជាកីឡាករដំបូងគេ ស៊ុតបាន១១គ្រាប់នៅវគ្គសន្សំពិន្ទុតាមពូល UEFA Champions League ក៏បានបដិសេធនឹងពាក្យចចាមអារ៉ាម ដែលថាខ្លួនអាចចាកចេញពី Real ផងដែរ និងថែមទាំងលើកឡើងថា នឹងរកគ្រាប់ឲ្យបានច្រើនបំផុត តាមដែលអាចធ្វើបាន។
“ខ្ញុំអាចនឹងបញ្ចប់អាជីពរបស់ខ្ញុំនៅទីនេះជាមួយ Real Madrid។ ខ្ញុំនិយាយដោយស្មោះត្រង់។ ខ្ញុំនឹងស៊ុតឲ្យបានច្រើនបំផុតអាចដល់ ៦០០ ទៅ៧០០គ្រាប់ តាមដែលខ្ញុំអាចធ្វើបាន ដើម្បីឲ្យគ្រប់គ្នាបានឃើញ”។ CR7 បញ្ជាក់បន្ថែម៕