២០១៥ គឺជាឆ្នាំមួយ ដែលមានព្រឹត្តិការណ៍បាល់ទាត់ធំៗអស្ចារ្យជាច្រើន ទោះមិនមែន World Cup ផ្នែកបុរសក៏ដោយ។ តើមានការប្រកួតអ្វីខ្លះ? ចង់ដឹងច្បាស់ សូមទស្សនាព្រឹត្តិការណ៍អស្ចារ្យទាំង៧ខាងក្រោម៖
៧. ផ្ដាច់ព្រ័ត្រ World Cup នារី៖
ការប្រកួតផ្ដាច់ព្រ័ត្រ World Cup ក្រុមបាល់ទាត់នារី បានធ្វើឡើងនៅប្រទេសកាណាដា កាលថ្ងៃទី៥ ខែកក្កដា ខណៈដែលក្រុមជម្រើសជាតិនារីអាមេរិក យកឈ្នះលើក្រុមនារីជប៉ុន ដោយលទ្ធផល ៥-២។
៦. ផ្ដាច់ព្រ័ត្រ CONCACAF Gold Cup៖
Gold Cup ដែលធ្វើការប្រកួតរៀងរាល់២ឆ្នាំម្ដង បានធ្វើការប្រកួតផ្ដាច់ព្រ័ត្រនៅអាមេរិក កាលថ្ងៃទី២៦ ខែកក្កដា ដោយក្រុមជម្រើសជាតិម៉ិកស៊ីកូ បានយកឈ្នះលើចាម៉ៃកា ៣-១ លើកពានលើកទី១០របស់ខ្លួនច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ។
៥. ថ្ងៃបញ្ចប់ Premier League របស់អង់គ្លេស រដូវកាល២០១៤/១៥៖
ថ្ងៃបញ្ចប់រដូវកាល២០១៤/១៥ Premier League របស់អង់គ្លេស កាលថ្ងៃទី២៤ ខែឧសភា គឺធ្វើឡើងនៅម៉ោង០៣:០០រសៀល (ម៉ោងនៅអង់គ្លេស) ដំណាលគ្នា ធ្វើឲ្យអារម្មណ៍របស់អ្នកគាំទ្រក្រុមជើងឯក ក្រុមប្រជែងយកកៅអី UEFA Champions League និងក្រុមដែលត្រូវកាត់ចោលរន្ធត់ និងរំភើបយ៉ាងខ្លាំង។
៤. ផ្ដាច់ព្រ័ត្រ Copa America៖
Copa America ឆ្នាំ២០១៥ ដែលប្រទេសឈីលីជាម្ចាស់ផ្ទះ បានប្រកួតផ្ដាច់ព្រ័ត្រនៅកីឡដ្ឋាន Estadio National កាលថ្ងៃទី៤ ខែកក្កដា ខណៈដែលឈីលីខ្លួនឯង បានយកឈ្នះលើអាហ្សង់ទីនដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៤-១ បន្ទាប់បញ្ចប់លទ្ធផល ០-០ នៅម៉ោងធម្មតា។
៣. ផ្ដាច់ព្រ័ត្រ FA Cup៖
FA Cup ជាពានចំណាស់ជាងគេមួយរបស់អង់គ្លេស។ រដូវកាលមុនក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះលើ Aston Villa ៤-០ នៅវគ្គផ្ដាច់ព្រ័ត្រ នាកីឡដ្ឋានជាតិអង់គ្លេស Wembley កាលថ្ងៃទី៣០ ខែឧសភា។
២. El Clasico៖
ឆ្នាំ២០១៥ ជំនួបរវាងក្រុមខ្លាំងអេស្ប៉ាញ Real Madrid និង Barcelona បានប៉ះគ្នា២ដង។ លើកទី១ កាលថ្ងៃទី២៣ ខែមិនា Barcelona ឈ្នះ ២-១ និងលើកទី២រដូវកាលនេះ កាលថ្ងៃទី២២ ខែវិច្ឆិកា Barcelona លត់ Real Madrid ដល់ក្នុងដី ៤-០ ទៀត។
១. ផ្ដាច់ព្រ័ត្រ UEFA Champions League៖
UEFA Champions League គឺជាពានកំពូលប្រចាំទ្វីបអឺរ៉ុប។ ម្ចាស់ជើងឯកចុងក្រោយគឺ ក្រុម FC Barcelona ដែលបានយកឈ្នះលើ Juventus ៣-១ នៅវគ្គផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋាន Olympiastadion ទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ កាលថ្ងៃទី០៦ ខែមិថុនា៕