១ គ្រាប់របស់ខ្សែការពារ Martin Skrtel ដែលធ្វើឲ្យចូលទីក្រុមខ្លួនឯង កាល Liverpool ចាញ់ Newcastle ២-០ កាលពីយប់ថ្ងៃអាទិត្យ បានធ្វើឲ្យកីឡាករជម្រើសជាតិស្លូវ៉ាគីរូបនេះ ជាប់ក្នុងបញ្ជីកំណត់ត្រាអាក្រក់បំផុត ក្នុងចំណោមកីឡាករ Premier League ៣នាក់ ដែលទាត់ចូលទីខ្លួនឯងច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ។
ខាងក្រោមនេះ ជាកីឡាករ៣នាក់ ដែលធ្លាប់ទាត់ចូលទីខ្លួនឯង (Own Goal) ច្រើនជាងគេនៅ Premier League៖
១. Richard Dunne – ១០គ្រាប់
អតីតខ្សែការពារក្រុម Everton, Manchester City, Aston Villa និង QPR រូបនេះ ធ្លាប់លេងនៅ Premier League សរុប៤៣១ប្រកួត និងស៊ុតចូលទីខ្លួនឯងច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ១០គ្រាប់។ បច្ចុប្បន្នកីឡាករវ័យ៣៦ឆ្នាំរូបនេះ ពុំទាន់លេងឲ្យក្រុមណាទេ ក្រោយ QPR ជម្រុះចេញ។
២. Jamie Carragher – ៧គ្រាប់
អតីតខ្សែការពារកណ្ដាលក្រុម Liverpool រូបនេះ ធ្លាប់បង្ហាញខ្លួននៅ Premier League បាន៥០៨ប្រកួត និងធ្លាប់ធ្វើឲ្យចូលទីខ្លួន៧គ្រាប់។ វីរបុរសក្រុមហង្សក្រហមរូបនេះ បច្ចុប្បន្នបានចូលនិវត្តន៍ហើយ និងកំពុងធ្វើជាអ្នកវិភាគនៅទូរទស្សន៍ Sky Sports។
៣. Martin Skrtel – ៧គ្រាប់
ខ្សែការពារកណ្ដាលក្រុម Liverpool រូបនេះ បានជាប់កំណត់ត្រា Own Goal ៧គ្រាប់ដែរ បន្ទាប់ពីធ្វើឲ្យចូលទីខ្លួនឯង កាលថ្ងៃអាទិត្យទៀត។ Skrtel លេងនៅ Premier League ឲ្យហង្សក្រហមបាន២៣៥ប្រកួត និងកំពុងតែលេងជាជម្រើស១១នាក់ដំបូងឲ្យ Liverpool នាពេលបច្ចុប្បន្នផងដែរ៕