Arsenal កំពុងត្រៀមខ្លួនប្រមាញ់យក Isco ក្រោយក្រុម Real Madrid បង្ហើបពីការចង់លក់កីឡាករនាំលេងរូបនេះ ក្នុងខែមករាខាងមុខ។ នេះបើយោងតាមប្រភព BuzzSport របស់បារាំង។
ក្រុមដែលមានរហស្សនាមថា The Gunners ធ្លាប់តាមទាក់ទង Isco ជាច្រើនលើកច្រើនសារកាលពីមុន តែលើកនេះលោក Wenger សង្ឃឹមនាំយកកីឡាករវ័យ២៣ឆ្នាំ ដើម្បីជំនួសតំណែងកីឡាករសំខាន់ៗមួយ ចំនួនដែលកំពុងមានរបួស និងដើម្បីជាកម្លាំងស្នូលជួយ Arsenal ប្រជែងជើងឯក Premier League និង Champions League។
Real Madrid ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី មានគម្រោងចង់រុះរើក្រុមនៅឆ្នាំថ្មី ហើយពេលនេះក្លិបបានបើកភ្លើងខៀវឲ្យ Isco ចាកចេញ តែបើយោងតាមប្រភពមួយចំនួនអះអាងថាក្លិបយក្សរបស់អេស្ប៉ាញនឹងលក់ រូបគេក្នុងតម្លៃប្រមាណ ៣៦លានផោន។
Isco មានឈ្មោះដើម Francisco Román Alarcón Suárez បានផ្ទេរពី Málaga មក Real Madrid កាលពីឆ្នាំ ២០១៣ ក្នុងតម្លៃខ្លួន៣០លានផោន។ ឆ្លងកាត់ការលេងជិត ៣រដូវកាលកីឡាករជម្រើសជាតិអេស្ប៉ាញ បង្ហាញខ្លួនបាន ១២៥ប្រកួតនៅគ្រប់កម្មវិធី និងរកគ្រាប់បាន២០ គ្រាប់៕