ក្នុង វីដេអូបទសម្ភាសន៍ជាមួយនឹងទូរទស្សន៍ CBS លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានលើកឡើងថា ការចោទប្រកាន់ក្រុមហ៊ុនរបស់លោកគេចវេះពីការបង់ពន្ធគឺជាល្បែង នយោបាយឆ្គួតៗ។
លោក Tim Cook ត្រូវបានពិធីករ សួរអំពីអារម្មណ៍ដែលមានពេលគេចោទប្រកាន់ថា ក្រុមហ៊ុនគេចវេះពីការបង់ពន្ធ។ នាយកប្រតិបត្តិរូបនេះបានសម្ដែងអារម្មណ៍ប្រឆាំងនឹងការចោទប្រកាន់ ដោយនិយាយថា៖ “នោះគឺជាល្បែងនយោបាយឆ្កួតឡប់។ វាគ្មានការពិតអ្វីនៅពីក្រោយនោះទេ។ ក្រុមហ៊ុន Apple បានបង់ពន្ធគ្រប់អស់ទៅហើយ។ យើងបានបង់ពន្ធច្រើនជាងក្រុមហ៊ុនដទៃទៀតនៅក្នុងប្រទេសមួយនេះ”។
លោក Tim Cook បានបន្ថែមទៀតថា លោកពេញចិត្តនឹងបង់ពន្ធទៅលើប្រាក់ចំណូលបានពីប្រទេសក្រៅ នៅក្នុងសហរដ្ឋអាមេរិកដែរ ប៉ុន្តែលោកមិនអាចធ្វើបានព្រោះក្រុមហ៊ុនត្រូវបង់ក្នុងចំនួនដ៏ ច្រើនលើសលប់។ នាយកប្រតិបត្តិដដែលបានលើកដូចនេះ៖ “ខ្ញុំនឹងត្រូវបង់ពន្ធជូនរដ្ឋាភិបាលអាមេរិក ៤០ភាគរយប្រសិនបើចង់យកប្រាក់ចំណេញពីក្រៅប្រទេស ចូលមកក្នុងទឹកដីនេះ ហើយខ្ញុំគិតថា វាមិនសមហេតុផលនោះឡើយ”។
“ការគិតពន្ធបែបនេះគួរប្រើសម្រាប់សម័យកាលឧស្សាហកម្ម មិនមែនសម្រាប់សម័យកាលឌីជីថលដូចឥឡូវនេះទេ។ វាហាក់បីដូចជាដើរថយក្រោយ។ បើគិតពន្ធបែបហ្នឹង អាមេរិកគឺអាក្រក។ គួរតែផ្លាស់ប្ដូរចោលជាយូរណាស់មកហើយ។ គួរតែធ្វើការកែប្រែរួចរាល់តាំងពីមុខមកម្ល៉េះ”។
គួរបញ្ជាក់ថា ក្រៅពីក្រុមហ៊ុន Apple ក៏មានក្រុមហ៊ុនជាច្រើនទៀតបានធ្វើការបោះទីតាំងសាខានៅក្នុង តំបន់ដែលមានអត្រាពន្ធទាបដើម្បីបង្វិលផលចំណេញទៅតំបន់នោះ ហើយការធ្វើដូចនេះអាចជួយឲ្យគេគេចផុតពីការបង់ពន្ធជូន រដ្ឋាភិបាលអាមេរិកក្នុងអត្រាដ៏ខ្ពស់បាន៕