ក្រុមកំពុងធ្លាក់ជើងខ្លាំង Manchester United នឹងត្រូវបើកទ្វារកីឡដ្ឋាន Old Trafford ស្វាគមន៍ក្រុមម្ចាស់ជើងឯក Chelsea ដែលកំពុងតែដុនដាបដូចគ្នា ក្នុងការប្រកួត Premier League សប្ដាហ៍ទី១៩ នាវេលាម៉ោង១២:៣០រំលងអាធ្រាត្រយប់នេះ។
បិសាចក្រហមរបស់លោក Louis van Gaal បានចាញ់៤ប្រកួតជាប់ៗគ្នាជាលើកដំបូង រយៈពេល៥៤ឆ្នាំ បន្ទាប់ពីចាញ់ Stoke City ២-០ កាលពីចុងសប្ដាហ៍។ រីឯក្រុមតោខៀវ ដែលដឹកនាំដោយអ្នកចាត់ការបណ្ដោះអាសន្ន Guus Hiddink បានឈ្នះ១ និងស្មើ Watford ២-២ កាលពីចុងសប្ដាហ៍ សម្រាប់២ប្រកួតដំបូងរបស់អ្នកចាត់ការថ្មីរូបនេះ។
ប្រវត្តិជួបគ្នា និងស្ថិតិមួយចំនួន៖
– Chelsea មិនដែលចាញ់ Man Utd ទេ សម្រាប់៨ប្រកួតចុងក្រោយនៅ Premier League និង Cup ដោយឈ្នះ៥ ស្មើ៣។
– ជួបគ្នា៦ប្រកួតចុងក្រោយនៅ Premier League ក្រុមទាំង២នេះ មានកីឡាករទទួលពិន័យកាតក្រហមដល់ទៅ៥នាក់។
– Guus Hiddink ធ្លាប់យកឈ្នះលើក្រុម Louis van Gaal ទាំង៣ប្រកួតជួបគ្នាចុងក្រោយ កាលអ្នកទាំង២នៅដឹកនាំក្រុម PSV និង AZ Alkmaar រដូវកាល២០០៥-០៦។
សម្ដីអ្នកចាត់ការ៖
Louis van Gaal អ្នកចាត់ការក្រុម Man Utd បាននិយាយថា៖ “ពេលអ្នកចាញ់៤ប្រកួតជាប់ៗគ្នា វាជារឿងដ៏ពិបាកមួយ។ យើងត្រូវតែស្រោចស្រង់វិញ ពេលប៉ះ Chelsea។ វាជារឿងដ៏ពិបាកបំផុត ដើម្បីបានដូចនោះ ប៉ុន្តែយើងនឹងព្យាយាម។ យើងត្រូវការជ័យជម្នះ ព្រោះវាពិតជាសំខាន់បំផុត”។
រីឯលោក Guus Hiddink អ្នកចាត់ការក្រុម Chelsea បានលើកឡើងថា ក្រុមរបស់លោកមានមហិច្ឆតាចង់យកឈ្នះលើ Man Utd នៅ Old Trafford ឲ្យបាន។ លោកបាននិយាយថា៖ “គ្រប់ការប្រកួត Chelsea ប៉ះ Man Utd គឺជាការប្រកួតធំ ប៉ុន្តែលើកនេះកាន់តែពិសេសទៀត។ ខ្ញុំសង្ឃឹមថា យើងអាចនឹងបង្ហាញពីមហិច្ឆតានៅទីនោះ ដូចកាលយើងប៉ះ Watford”។
ជើងកីឡាករ៖
ម្ចាស់ផ្ទះ Man Utd ប្រធានក្រុម Wayne Rooney អាចនឹងជាប់ជម្រើស១១នាក់ដំបូងវិញ បន្ទាប់ពីអង្គុយនៅកៅអីបម្រុងកាលចាញ់ Stoke។ ខ្សែបម្រើ Bastian Schweinsteiger ត្រឡប់ពីការពិន័យវិញហើយ ខណៈដែលខ្សែការពារ Matteo Darmian ក៏អាចនឹងលេងបាន តែអាចបម្រុងសិន។ ដូច្នេះ១១នាក់ដំបូងរបស់បិសាចក្រហមអាចជា៖ De Gea; Young, Jones, Smalling, Blind; Fellaini, Carrick; Mata, Herrera, Martial; Rooney។
រីឯក្រុមភ្ញៀវ Chelsea នឹងគ្មានខ្សែប្រយុទ្ធ Diego Costa ទេ បន្ទាប់ពីទទួលការពិន័យកាតលឿងសរុប៥ដងរដូវកាលនេះ។ ចំណែកឯតារាឆ្នើម Eden Hazard អាចនឹងចូលលេងជម្រើសដំបូងបានវិញ។ ដូច្នេះ១១នាក់ដំបូងរបស់តោខៀវ អាចជា៖ Courtois; Ivanovic, Cahill, Terry, Azpilicueta; Mikel, Matic; Willian, Oscar, Hazard; Remy៕