បច្ចុប្បន្ន អ៊ីនធឺណិតបានក្លាយជាមធ្យោបាយពេញនិយមមួយទៀតសម្រាប់អ្នកចូលចិត្ត អានប្រលោមលោក បន្ទាប់ពីសៀវភៅ និងការបោះពុម្ពផ្សេងៗ។ ដោយមានការគាំទ្រខ្លាំង ប្រលោមលោកទាំងនោះត្រូវបានយកមកថតជារឿងភាគទូរទស្សន៍ជា បន្តបន្ទាប់ បើទោះជាការបម្លែងអត្ថបទប្រលោមលោកឲ្យក្លាយជាអត្ថបទសម្រាប់ ភាពយន្តមានការលំបាកយ៉ាងណាក្ដី។ ជាក់ស្ដែងឆ្នាំ២០១៥នេះ ប្រលោមលោកចិនជាច្រើនដែលចេញផ្សាយលើអ៊ីនធឺណិត បានបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍ និងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។
១. My Sunshine
២. The Journey of Flower
ប្រលោមលោករឿង “The Journey of Flower” ដែលមានចំនួន ៥៤ភាគ បានក្លាយជាប្រធានបទដ៏ពេញនិយមមួយលើបណ្ដាញសង្គម។ ក្រោយផលិតជារឿងភាគទូរទស្សន៍ រឿងនេះក៏ទទួលបានជោគជ័យខ្លាំងម្ដងទៀតក្នុងរដូវក្ដៅឆ្នាំ២០១៥ នេះ ដោយអាចរកចំណូលបាន ៣១លានដុល្លារសម្រាប់ក្រុមផលិតករ។ ភាពយន្តភាគដែលសម្ដែងដោយ Huo Jianhua និង Zhao Liying គឺផ្អែកតាមសាច់រឿងប្រលោមលោកដែលជាស្នាដៃរបស់អ្នកនិពន្ធ Fresh Guoguo មានឈ្មោះពិតថា Jiang Chenzhou។ ចាប់ផ្ដើមបញ្ចាំងកាលពីខែមិថុនា រឿងនេះនិយាយពីស្នេហា និងកាពុះពាររបស់ក្មេងស្រីកំព្រាម្នាក់ រហូតបានក្លាយជាម្ចាស់ក្សត្រិយ៍។
៣. The Lost Tomb
“The Lost Tomb” គឺជាភាពយន្តភាគបែបផ្សងព្រេងនិងបាញ់ប្រហារ ដែលថតតាមប្រលោមលោកអនឡាញដ៏ល្បីល្បាញរបស់អ្នកនិពន្ធ Xu Lei។ រឿងនេះបានកំណត់ចេញចំនួន ៨រដូវកាល (មួយរដូវកាលក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០០៦) ប៉ុន្តែរឿងភាគទូរទស្សន៍ទើបតែចេញបានមួយរដូវកាលប៉ុណ្ណោះ កាលពីខែមិថុនា ឆ្នាំ២០១៥កន្លងទៅ។ សាច់រឿងបរិយាយពីដំណើរផ្សងព្រេងរបស់មនុស្ស៥នាក់ នៅកន្លែងកប់ខ្មោចបុរាណមួយ។ បើទោះមានការទន្ទឹងរង់ចាំច្រើន និងមានអ្នកទស្សនាចំនួន ២៤លាននាក់នៅភាគដំបូង ប៉ុន្តែរឿងភាគមួយនេះបានធ្វើឲ្យទស្សនិកជនជាច្រើនខកចិត្ត ដោយសារការប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ និងគុណភាពភាពយន្ត។
៤. Nirvana in Fire
រឿងភាគ “Nirvana in Fire” បានទទួលជោគជ័យលើសពីការរំពឹងទុកសម្រាប់ចុងឆ្នាំ២០១៥នេះ។ ថតតាមប្រលោមលោកអនឡាញចំណងជើងដូចគ្នារបស់អ្នកនិពន្ធ Hai Yan ភាពយន្តនេះបានចាប់ផ្ដើមចេញផ្សាយភាគដំបូងកាលពីខែកញ្ញា ឆ្នាំ២០១៥ និងសម្ដែងដោយ Hu Ge, Liu Tao និងតារាល្បីៗ៥រូបទៀត។ សាច់រឿងបង្ហាញពីអ្នករៀបចំយុទ្ធសាស្ត្រយោធាដ៏មានទេពកោសល្យ ម្នាក់ ដែលបានប្រឹងប្រែងដើម្បីលុបលាងកេរ្តិ៍ឈ្មោះរបស់ខ្លួន តាមរយៈសឹកសង្គ្រាមជាច្រើនលើក។ ក្រោយការចេញបញ្ចាំង រឿងនេះទទួលបានការកោតសរសើរច្រើនពីទស្សនិកជន និងបានក្លាយជាប្រធានបទលើបណ្ដាញសង្គម Weibo ជាង ៣,៥៥ពាន់លានដង។
៥. Yunge from the Desert
ភាពយន្តភាគ “Yunge from the Desert” ត្រូវបានថតដោយយោងតាមប្រលោមលោកអនឡាញ មានចំណងជើងដូចគ្នា របស់អ្នកនិពន្ធ Tong Hua។ រឿងនេះនិយាយពីស្នេហាត្រីកោណរបស់នារីម្នាក់ឈ្មោះ Yunge បុរសអភិជនម្នាក់ និងអធិរាជ ក្នុងរាជវង្សហាន។ ចាប់ផ្ដើមបញ្ចាំងស្របាលៗគ្នានឹងរឿង “Nirvana in Fire” ដែរ ប៉ុន្តែ “Yunge” បានទទួលការរិះគន់ច្រើនជាងការគាំទ្រ។ ឈុតឆាកមួយចំនួនត្រូវបានទស្សនិកជនរិះគន់ថាមានការប្រាសចាកឆ្ងាយ ពីប្រវត្តិសាស្ត្រ។ ទស្សនិកជនខ្លះបានចាប់អារម្មណ៍តាមដានភាពយន្តនេះដោយសារ តួឯកស្រីសម្ដែងដោយ Angelababy ប៉ុណ្ណោះ។
៦. Hua Xu Yin
រឿង “Hua Xu Yin” រៀបរាប់ពីព្រះនាងមួយអង្គដែលបានលះបង់ជីវិតដើម្បីប្រទេសជាតិ ប៉ុន្តែក្រោយមកត្រូវបានគេជួយសង្គ្រោះ រួចក៏ចាប់ផ្ដើមជីវិតសាជាថ្មីដោយប្រើឈ្មោះផ្សេង។ ភាពយន្តនេះក៏ត្រូវបានថតដោយយោងតាមសាច់រឿងប្រលោមលោកអនឡាញដែរ ដែលជាស្នាដៃរបស់អ្នកនិពន្ធ Tang Qi។ “Xua Xu Yin” បានចាក់បញ្ចាំងភាគដំបូងកាលពីខែកក្កដា ឆ្នាំ២០១៥ ដោយចូលរួមសម្ដែងដោយ Lin Yuan និង Zheng Jiaying។ ទោះយ៉ាងណារឿងនេះមិនទទួលបានជោគជ័យដូចរឿងដទៃដែលចាក់ផ្សាយដំណាល គ្នាឡើយ ដោយអ្នករិះគន់ភាគច្រើននិយាយថា ដោយសារតួអង្គឯកមិនសូវល្អ ហើយសំលៀកបំពាក់ក៏មិនសូវទាក់ទាញ ៕