ឡូហ្គោ ថ្មីរបស់ក្រុម Manchester City ត្រូវបានបែកធ្លាយចេញ មុនគម្រោងរបស់ក្លិប ដែលត្រៀមនឹងប្រកាសឲ្យដឹងជាផ្លូវការ នៅថ្ងៃបុណ្យណូអែលខាងមុខ។
បើតាម Manchester Evening News បានឲ្យដឹងថាក្លិបមេឃខៀវ គ្រោងនឹងប្រកាសជាផ្លូវការនៅថ្ងៃបុណ្យគ្រីស្តស្មាស ប៉ុន្តែ Intellectual Property Office (IPO) បែរជាបញ្ចេញឡូហ្គោថ្មីនេះនៅលើវិបសាយរបស់ពួកគេទៅវិញ។
Man City បានដាក់ការពិភាក្សាយោបល់ជាមួយនឹងអ្នកគាំទ្រចំពោះឡូហ្គោថ្មី នេះ តាំងពីខែកញ្ញា ខណៈដែលលទ្ធផលឃើញថា អ្នកគាំទ្រជាច្រើនចង់បានឡូហ្គោស្រដៀងទៅនឹងឡូហ្គោចាស់ កាលជំនាន់ឆ្នាំ១៩៧០។
ក្នុងឡូហ្គោថ្មី ដែលមានរៀងជារង្វង់នេះ គេឃើញមានរូបសំពៅនៅលើផ្ទៃទឹកសមុទ្រ និងប្លែកត្រង់មានផ្កាកុលាបនៅខាងក្រោមសំពៅ។ ក្រៅពីនោះ ក៏នៅមានឆ្នាំនៃការបង្កើតឡើងរបស់ក្លិបមួយនេះគឺ ១៨៩៤ ដែលដាក់លេខ១៨ និង៩៤នៅអមសងខាងផងដែរ៕