ក្រុម លីកកំពូលប្រទេសថៃពីរគឺ SCG Muangthon United និង Buriram United នឹងធ្វើដំណើរមកប្រកួតមិត្តភាពអន្តរជាតិនៅប្រទេសកម្ពុជានាខែ មករា ឆ្នាំ២០១៦ខាងមុខនេះ។ ហេតុអ្វីបានជាក្រុមកំពូលទាំងពីរជ្រើសរើសយកប្រទេសកម្ពុជាជាគោល ដៅដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតលីកបាល់ទាត់កំពូលថៃនា រដូវកាលថ្មី?
អ្នកគាំទ្រកម្ពុជាដឹងហើយថា រយៈពេលជាច្រើនឆ្នាំមកហើយ ក្រុមបាល់ទាត់ដែលលេងនៅក្របខណ្ឌបាល់ទាត់កំពូលប្រទេសថៃមិនធ្លាប់ មកប្រកួតមិត្តភាពអន្តរជាតិនៅលើទឹកដីប្រទេសកម្ពុជាឡើយ ប៉ុន្តែនៅដើមឆ្នាំ២០១៦ខាងមុខនេះក្រុមលីកកំពូលថៃពីរសម្រេច ជ្រើសរើសយកប្រទេសកម្ពុជាជាគោលដៅមួយសម្រាប់ការប្រកួត មិត្តភាពរបស់ពួកគេ។ Sabay សូមបង្ហាញហេតុផលខ្លះៗដែលអាចធ្វើឲ្យពួកគេចាប់អារម្មណ៍វិស័យ បាល់ទាត់កម្ពុជា។
អ្នកគាំទ្រពេលកម្ពុជាប្រកួតនឹងក្រុមម៉ាកាវ
១- ឆ្នាំ២០១៥ អាចចាត់ទុកជាឆ្នាំដែលមានអ្នកគាំទ្រចាប់ផ្តើមចាប់អារម្មណ៍ បាល់ទាត់បំផុត។ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រកួតឈ្នះក្រុមជម្រើសជាតិ ម៉ាកាវ ៣-០ សម្រាប់ការជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០១៨។ ពេលនោះហើយដែលត្រូវបានគេមើលឃើញអ្នកគាំទ្រចូលទស្សនាច្រើនបំផុត ជាលើកដំបូងគឺពេញស្តាតចាស់ដែលមិនត្រឹមតែកម្ពុជាទាំងមូលទេ សូម្បីតែប្រទេសផ្សេងក៏ចាប់អារម្មណ៍ដែរ។
អ្វីដែលពិសេសទៀតនោះគឺថ្ងៃទី១១ ខែមិថុនា ឆ្នាំដដែល ក្រុមជម្រើសជាតិកម្ពុជាប្រកួតចាញ់ក្រុមសិង្ហបុរី៤-០ នៅពហុកីឡដ្ឋានជាតិក្នុងការជម្រុះបាល់ទាត់ពិភពលោក។ ថ្ងៃនោះអ្នកគាំទ្រចូលទស្សនាច្រើនបំផុតដែលជាប់កំណត់ត្រាផ្នែក អ្នកគាំទ្រច្រើនបំផុតនៅតំបន់អាស៊ីសម្រាប់ការជម្រុះបាល់ទាត់ពិភព លោកឆ្នាំ២០១៨។ ក្រៅពីនេះ ការប្រកួតអន្តរជាតិជាច្រើនទៀតក៏មានអ្នកគាំទ្រចូលទស្សនាមិនតិច ដែរ។
ក្រុមជម្រើសជាតិកម្ពុជា
២-ក្រុមជម្រើសជាតិកាន់តែមានគុណភាពកើនឡើងពីមួយកម្រិតទៅមួយ កម្រិតទៀត។ ការប្រកួតជាបន្តបន្ទាប់របស់ក្រុមជម្រើសជាតិកម្ពុជាក្នុងឆ្នាំ ២០១៥នេះឃើញថា បានកាត់បន្ថយពីការចាញ់គ្រាប់បាល់ច្រើនគ្រាប់ មកសល់តិច ហើយប្រកួតជាមួយក្រុមខ្លាំងៗថែមទៀតក្នុងយុទ្ធនាការជម្រុះ បាល់ទាត់ពិភពលោកឆ្នាំ២០១៨។ ពេលខ្លះប្រកួតជាមួយក្រុមមធ្យម ឬខ្សោយជាង ក៏ទទួលបានជ័យជម្នះ ឬស្មើផងដែរ។ ក្រុមជម្រើសជាតិកម្ពុជាបានឡើងដល់ជុំទីពីរនៃការប្រកួតជម្រុះ បាល់ទាត់ពិភពលោកឆ្នាំ២០១៨ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ ខ្លួន បន្ទាប់ពីឈ្នះក្រុមម៉ាកាវនៅជុំទីមួយ។ មិនត្រឹមតែប៉ុណ្ណោះលីកកំពូលកម្ពុជាត្រូវបានរៀបចំការប្រកួត ក្នុងដី និងក្រៅដីដែលកាន់តែធ្វើឲ្យលីកកម្ពុជាមានគុណភាព។
៣- ពហុកីឡដ្ឋានជាតិអាចរៀបចំការប្រកួតលក្ខណៈអន្តរជាតិផ្លូវការធំៗ បានយ៉ាងសមរម្យ។ បន្ទាប់ពីទទួលបានការជួយឧបត្ថម្ភពីរបស់ FIFA ពហុកីឡដ្ឋានជាតិត្រូវបានជួសជុលទីលានប្រកួតបានយ៉ាងល្អស្អាត ហើយក្រសួងអប់រំ យុវជន និងកីឡាបានជួសជុលកែលំអហេដ្ឋារចនាសម្ពន្ធជាច្រើនទៀតដែលធ្វើឲ្យ ពហុកីឡដ្ឋានជាតិកាន់តែស្រស់ស្អាត និងទាក់ទាញអ្នកទស្សនា។
ពហុកីឡដ្ឋានជាតិ
៤-ម្យ៉ាងវិញទៀត ការប្រកួតមិត្តភាពអន្តរជាតិនៅកម្ពុជារបស់ក្រុមបាល់ទាត់លំដាប់ កំពូលនៅអាស៊ីនេះអាចប្រហែលជាសកម្មភាពមនុស្សធម៌ក៏ថាបាន។តាម ប្រភពក្រៅផ្លូវការមួយបានឲ្យដឹងថា ក្រៅពីការត្រៀមខ្លួនសម្រាប់រដូវកាលថ្មី ក្រុមថៃគ្រោងមកប្រកួតមិត្តភាពនៅកម្ពុជាក្នុងគោលបំណងសកម្មភាព សប្បុរសធម៌។
ការសម្លឹងឃើញគុណភាពនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ការកើនឡើងនៃអ្នកគាំទ្រកម្ពុជា ទីលានពហុកីឡដ្ឋានប្រកបដោយស្តង់ដារអន្តរជាតិ និងគោលបំណងសប្បុរសធម៌អាចជាគោលដៅរបស់ក្រុមលីកកំពូលថៃជ្រើសរើស យកប្រទេសកម្ពុជាមួយក្នុងចំណោមប្រទេសផ្សេងទៀតនៅតំបន់អាស៊ាន សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ។
ការប្រកួតមិត្តភាពអន្តរជាតិកម្ពុជា (ខៀវ) និងឡាវ (ក្រហម)
តាមការប្រកាសរបស់សហព័ន្ធបាល់ទាត់កម្ពុជាគឺបានតែងតាំងលោក ប្រាក់ សុវណ្ណារ៉ា ជាគ្រូបង្វឹកដឹកនាំក្រុម Cambodian All Stars ដើម្បីត្រៀមខ្លួនប្រកួតមិត្តភាពអន្តរជាតិពីរប្រកួតទល់នឹងក្រុម លេងនៅលីកបាល់ទាត់កំពូលរបស់ប្រទេសថៃគឺថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ ជាមួយក្រុម SCG Muangthong United និងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ប្រកួតជាមួយក្រុម Buriram United នៅពហុកីឡដ្ឋានជាតិ៕