រថយន្ត គំរូ Lamborghini Egoista ត្រូវបានគេសង្ឃឹមថា អាចនឹងផលិតជាផ្លូវការ បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្ត Lamborghini បានចុះឈ្មោះសុំសិទ្ធិការពារឈ្មោះ Egoista កាលពីថ្មីៗកន្លងទៅនេះ។
កាលពីឆ្នាំ២០១៣កន្លង ទៅក្រុមហ៊ុន Lamborghini បានធ្វើការបង្ហាញពីរូបរាងគំរូនៃរថយន្តកំពូលមួយម៉ូដែលនេះ ដោយមិនបានបញ្ជាក់ទេថា នឹងផលិតរថយន្តនេះឬយ៉ាងណា។ គួរបញ្ជាក់ថា រថយន្តកៅអីតែមួយដែលរចនាឡើងយ៉ាងវិចិត្រនេះមានបំពាក់នូវ ម៉ាស៊ីន V10 ទំហំ៥,២លីត្រ អាចផ្ដល់កម្លាំងបាន៦០០សេះ។
ត្បិតថាក្រុមហ៊ុន Lamborghini បានចុះឈ្មោះសុំសិទ្ធិការពារក៏ពិតមែន ប៉ុន្តែវាមិនមែនមានន័យថា គេនឹងផលិតរថយន្ត Egoista នេះទេ ព្រោះជួនកាលការធ្វើបែបនេះគឺដើម្បីការពារកុំឲ្យគូប្រកួតប្រជែង របស់ខ្លួនប្រើប្រាស់ឈ្មោះនេះតែប៉ុណ្ណោះ៕