Jose Mourinho អ្នកចាត់ការក្រុម Chelsea បាននិយាយថា លោកមានអារម្មណ៍ថាការងាររបស់លោកត្រូវបានកូនក្រុមក្បត់ ឬលេងលាក់ពុត មិនធ្វើតាមយុទ្ធសាស្ត្ររបស់លោក បន្ទាប់ពីតោខៀវ ចាញ់ Leicester ២-១ នៅ Premier League កាលពីយប់មិញ។
ក្រុមការពារតំណែងជើងឯក បានជួបបរាជ័យលើកទី៩ ត្រឹម១៦ប្រកួតនៅ Premier League រដូវកាលនេះ និងធ្លាក់ដល់លេខ១៦ក្នុងតារាង មានគម្លាតតែ១ពិន្ទុប៉ុណ្ណោះ ពីតំបន់កាត់ចោល ខណៈដែល Leicester បានឡើងទៅឈរកំពូលតារាងជាថ្មី។
Mourinho បាននិយាយក្រោយចប់ការប្រកួតថា៖ “សមត្ថភាពដ៏ល្អបំផុតរបស់ខ្ញុំមួយ គឺត្រូវស្វែងយល់ពីការប្រកួត ដើម្បីកីឡាកររបស់ខ្ញុំ និងដើម្បីស្វែងយល់លំអិតគ្រប់ជ្រុងជ្រោយពីដៃគូប្រកួត។ ខ្ញុំមានអារម្មណ៍ថា ការងាររបស់ខ្ញុំត្រូវបានគេក្បត់។ យើងរបូត២គ្រាប់ ដែលមិនអាចទទួលយកបានទាល់តែសោះសម្រាប់ខ្ញុំ។ វាពិតជាលំបាកសម្រាប់យើង ដើម្បីស្វែងរកគ្រាប់បាល់ នៅពេលដែលមានកីឡាករលេងមិនបានដល់កម្រិតកំពូល”។
ចំពោះក្ដីសង្ឃឹមប្រជែងយកតំណែង Top 4 អ្នកចាត់ការរហស្សនាម “Special One” បាននិយាយថា៖ “យើងមិនអាចបញ្ចប់ចំណាត់ថ្នាក់ Top 4 ទេ។ ប៉ុន្តែយើងនៅតែអាចទទួលបានចំណាត់ថ្នាក់ Top 6 ព្រោះមានក្រុមច្រើន ក៏កំពុងតែបាត់បង់ពិន្ទុដូចគ្នា។ ពេលនេះ យើងកំពុងតែស្ថិតនៅចំណាត់ថ្នាក់មួយ ដែលខ្ញុំមានអារម្មណ៍ថា គួរឲ្យអាម៉ាស់ណាស់”៕