ក្រុម Real Madrid ធ្វើស៊ីក្រុម Rayo Vallencano មិនប្រណីជើងឡើយបន្ទាប់ពីក្រុមមួយនេះសល់គ្នាតែ៩នាក់ ដោយបានយកឈ្នះដោយលទ្ធផល ១០-២ ក្នុងការប្រកួតពានរង្វាន់ La Liga សប្ដាហ៍ទី១៦កាលពីយប់មិញនេះ។
ក្រុម Real Madrid បើកការនាំមុខនៅនាទីទី៣ ដោយខ្សែការពារ Danilo ជាអ្នកធ្វើបានសម្រេច។ ប៉ុន្តែនៅនាទីទី១០ Amaya រកបានគ្រាប់បាល់តាមស្មើវិញ មុនពេល Jozabed ថែមមួយគ្រាប់ទៀតនាំមុខក្រុមម្ចាស់ផ្ទះ។ បន្ទាប់ពីនាំមុខ ២-១ ហើយ Rayo បែរជាបង្កកំហុស ដោយកីឡាករ Tito ទៅទាត់ជើងរបស់ Kroos រហូតទទួលបានកាតក្រហមនៅនាទី១៤ បន្ទាប់មក Bale ក៏រកបានមួយគ្រាប់ឱ្យ Real បានស្មើវិញ។
នៅនាទីទី២៨ កីឡាករ Baena របស់ Rayo បានបង្កកំហុសទៀត រហូតបានកាតលឿងជាលើកទី២ (កាតក្រហម) ហើយក៏ត្រូវបណ្ដេញចេញទៀត។ គិតចាប់ពីនាទីនេះទៅហើយ ដែលក្រុមភ្ញៀវ Rayo សល់សមាជិកតែ៩នាក់ទេ ប្រៀបដូចជាមាន់បាក់ជើងម្ខាងអីចឹង ខណៈដែលក្រុមទ័ពស្រួច Real Madrid វិញ ក៏មិនទុកពេលឱ្យដើរអត់ប្រយោជន៍ដែរ ពោលគឺបើកការប្រមាញ់ក្រុមមាន់បាក់ជើងម្ខាងនេះមិនប្រណីឡើយ។ ចប់រយៈពេល៩០នាទី Real Madrid ស៊ី Rayo បាន១០គ្រាប់ ដោយគ្រាប់បាល់ទាំងនេះរកបានពីកីឡាករ Gareth Bale ៤គ្រាប់ , Benzema ៣គ្រាប់ , Ronaldo ២គ្រាប់និង Danilo មួយគ្រាប់។
លទ្ធផលយប់មិញនេះដែរ បានធ្វើឱ្យ Real Madrid ចាញ់ក្រុមលេខ២ Atletico Madrid តែ២ពិន្ទុទេ ព្រោះយប់មិញក្រុមមួយនេះបានចាញ់ក្រុម Magala ក្នុងលទ្ធផល ១-០ ។ ចំណែកឯ Barcelona នៅឈរលេខ១ដដែល ដោយនៅសល់១ប្រកួតក្នុងដៃទៀត៕