វីដេអូរយៈពេលបីនាទី បានបង្ហាញឲ្យឃើញថាក្រុមភេរវករ ISIS បានប្រើប្រាស់ស្រោមអនាម័យសណ្ដោងរំសេវជាតិផ្ទុះ បង្ហោះទៅលើអាកាស ដើម្បីប្រឆាំងយន្តហោះចម្បាំងរបស់គូសត្រូវ។
បើតាមប្រភពបានឲ្យដឹងថា ហេតុការណ៍ក្នុងវីដេអូនេះបានកើតឡើងនៅទីក្រុង Idlib ប្រទេសស៊ីរី ដែលក្រុម ISIS បានកំពុងតេស្ដសាកល្បងវិធីថ្មីចុងក្រោយ ប្រឆាំងយន្តហោះចម្បាំងរបស់រុស្ស៊ី។
ឃ្លីបវីដេអូដដែល ក៏មានការសូត្រតាមបែបសាសនាដោយមានអក្សររត់ខាងលើវីដេអូ និងបង្ហាញឲ្យឃើញក្រុមនេះកំពុងផ្គុំគ្រាប់បែកក្នុងបន្ទប់មួយ ដែលមានជញ្ជាំងសរសេរជាភាសាអារ៉ាប់ផង។
ស្រោមអនាម័យដែលចងភ្ជាប់គ្នាទាំងនោះ បានបង្ហោះទៅលើអាកាស រួចប៉ុន្មាននាទីក្រោយគេឃើញគ្រាប់បែកនោះផ្ទុះតែម្ដង។
ប្រតិបត្តិការតាមអាកាសរបស់ទីក្រុងមូស្គូ ទៅលើសកម្មប្រយុទ្ធ ISIS ត្រូវគេមើលឃើញកើតមានរាប់រយដងហើយនៅប្រមាណ ៣សប្ដាហ៍ចុងក្រោយនេះ ដែលភាគច្រើនវាយចំៗគោលដៅ។
នៅដើមសប្ដាហ៍នេះ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានថ្លែងថាខ្លួនបានកម្ទេចអគារ ៤៩ខ្នង និងរថយន្តជាច្រើនគ្រឿងទៀតរបស់ភេរវករក្នុងរយៈពេលមួយថ្ងៃ ប៉ុណ្ណោះ៕