លោកស្រី Dolores Aveiro ម្តាយបង្កើត Cristiano Ronaldo ចង់ឲ្យកូនប្រុសរបស់ខ្លួន ជ្រើសយកការត្រឡប់ទៅ Old Trafford វិញ ជាជាងការទៅលេងនៅ Paris Saint-Germain។
ការផ្ដល់យោបល់ដូច្នេះ ព្រោះស្ត្រីជនជាតិព័រទុយហ្គាល់ បារម្ភពីសុវត្ថិភាពគ្រួសារទាំងមូល បើសិនជាប្តូរទៅរស់នៅទីក្រុងប៉ារីស ដែលទើបរងការវាយប្រហារភេរវកម្មកាលពីពេលថ្មីៗ។
Ronaldo និងម្ដាយ
ទាក់ទងនឹងព័ត៌មានខ្សែប្រយុទ្ធវ័យ៣០ឆ្នាំអាចនឹងចាកចេញពី អេស្ប៉ាញនៅពេលចប់រដូវកាល ក្លិបអ្នកមានបារាំង Paris Saint-Germain កំពុងសម្លឹងនាំយក Ronaldo ដើម្បីជំនួស Zlatan Ibrahimovich ដោយគ្រោងផ្ដល់ថ្លៃនឿយហត់ប្រមាណ ២៥០០០០ ផោន ក្នុង១សប្តាហ៍។
ដោយឡែកក្លិបបិសាចក្រហម Manchester United ក៏ជាតួសំខាន់ក្នុងការដណ្ដើមយក Ronaldo ដែរ ក្រោយធ្លាប់លក់រូបគេកាលពីឆ្នាំ ២០០៩ ឲ្យទៅ Real Madrid ក្នុងតម្លៃ៨០លានផោន។
សម្រាប់ប្រិយមិត្តវិញ ប្រសិនបើ Ronaldo ត្រូវដើរដល់ផ្លូវបំបែកជាមួយ Real Madrid មែន តើគួរទៅទ្រនំចាស់ Man Utd ឬទ្រនំថ្មីចាយលុយធំ PSG?