ថ្មីៗ នេះមានព័ត៌មានមកថា ខាងហង្សមាស គ្រោងដាក់ពាក្យប្ដឹងអតីតបេក្ខភាពកម្មវិធី Cambodian Idol ម៉ៅ ហាជី បន្ទាប់ពីលោកបានទៅចុះកុងត្រាជាមួយផលិតកម្មផ្សេង និងមិនព្រមចេញមុខដោះស្រាយ។ ប៉ុន្តែបើតាមប្រភពជាអ្នកស្និទ្ធស្នាលនឹងអតីតបេក្ខភាពរូបនេះ ប្រាប់ Sabay ថា ការសម្រេចចិត្តរបស់ ហាជី ដូច្នេះ ព្រោះតែមើលកុងត្រាជាមួយកម្មវិធីមិនច្បាស់។
បើតាមការបញ្ជាក់ពីស្ត្រី កូនពីរខាងលើថា មុនពេលមានរឿងចង់ប្ដឹងផ្ដល់នេះឡើងធ្លាប់មានបុគ្គលិករបស់ខាង ផលិតកម្មហង្សមាសបានទូរសព្ទមកដោយប្រាប់ ហាជី ថា កុំឲ្យចុះកុងត្រាជាមួយផលិតកម្មផ្សេងប្រយ័ត្នគេប្ដឹង។ ម្យ៉ាងវិញទៀតអ្នកស្រីដែលមានវ័យ ៣០ ឆ្នាំស្ដើងរូបនេះ បានប្រាប់បន្តទៀតថា ខាងផលិតកម្មធំប្រចាំប្រទេសកម្ពុជានោះ មានការអន់ចិត្តចំពោះ ហាជី ព្រោះរូបគេខកខានឡើងច្រៀងកម្មវីធីប្រគំតន្រ្តីបីបួនដង។ ប្រភពដដែលបានបញ្ជាក់ថា៖ “តាមពិតរឿងដែល ហាជី មិនបានឡើងច្រៀងឲ្យកម្មវិធីរបស់ហង្សមាសនោះ ព្រោះគ្នាជាប់ច្រៀងនៅបាត់ដំបង។ ”
បញ្ហាខាងលើ លោក អ៊ិន ទីតូ អ្នកគ្រប់គ្រងកម្មវិធី Cambodian Idol មិនអធិប្បាយ ដោយស្នើឲ្យតាមដានព័ត៌មានរបស់ហង្សមាសនានាដែលពាក់ព័ន្ធនឹងករណី របស់ ម៉ៅ ហាជី។ ងាកមកខាងផលិតកម្មថោនវិញ ត្រូវបានលោកមាស សុខរតនៈ អ្នកចាត់ការទូទៅធ្លាប់បានប្រាប់ Sabay ដោយខ្លីថា រូបលោកមិនទាន់បានឃើញកុងត្រា និងមុខមាត់ពិតរបស់អតីតបេក្ខភាព Cambodian Idol រូបនេះទេ។ លោកបានបញ្ជាក់ថាមូលហេតុដែលធ្វើឲ្យលោកមិនទាន់បានឃើញ ម៉ៅ ហាជី ព្រោះតែខាងម្ចាស់ផលិតកម្មជាអ្នកជ្រើសរើស និងចុះកុងត្រាផ្ទាល់ជាមួយតារាចម្រៀង។
ទោះបីជាយ៉ាងណា រហូតមកដល់ពេលនេះ នៅតែមិនទាន់មានការបកស្រាយណាមួយឲ្យបានច្បាស់លាស់ពីសាមីខ្លួន ម៉ៅ ហាជី នៅឡើយទេពាក់ព័ន្ធទៅនឹងរឿងរ៉ាវចម្រូងចម្រាសនេះ ខណៈទូរសព្ទដែលលោកធ្លាប់ប្រើរាល់ដងមិនអាចទទួលការហៅចូលបាន៕