ភាពយន្ត ហូលីវូដរឿងStar Wars: The Force Awakens កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកទស្សនា និងកំពុងធ្វើដំណើរឆ្ពោះទៅកើបលុយរហូតដល់១ពាន់លានដុល្លារ អាមេរិកត្រឹមថ្ងៃអាទិត្យ ទី២៧ ធ្នូ ចុងសប្តាហ៍នេះ។
ក្រុមហ៊ុន Walt Disney Co បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ម្សិលមិញថា Star Wars: The Force Awakens រកបានចំណូល៨៩០.៣លានដុល្លារអាមេរិកហើយគិតគិតត្រឹមថ្ងៃសុក្រ ទី២៥ ខែធ្នូ កន្លងទៅនេះ ដូច្នេះនឹងរកបានដល់១ពាន់លានដុល្លារអាមេរិកនៅចុងសប្តាហ៍នេះដែល នឹងក្លាយជាខ្សែភាពយន្តរកចំណូលបានលឿនបំផុតមិនធ្លាប់មានពីមុន មក។
ខ្សែភាពយន្តនេះទើបចាប់ផ្តើមដាក់បញ្ចាំងនៅលើទីផ្សារ អន្តរជាតិកាលពីថ្ងៃទី១៦ ខែធ្នូ មុនពេលចូលទៅបញ្ចាំងលើទីផ្សារអាមេរិកខាងជើង។ យោងតាមក្រុមហ៊ុនស្រាវជ្រាវឧស្សាហកម្ម Rentrak បានឲ្យដឹងថា ខ្សែភាពយន្តនេះនឹងរកចំណូលបាន១ពាន់លានដុល្លារអាមេរិកមិនហួសពី ថ្ងៃអាទិត្យនេះឡើយ ដែលជាថ្ងៃទី១២សម្រាប់ការចាក់បញ្ចាំងតាមរោងកុន។
កំណត់ត្រារកចំណូលបានរហូតដល់១ពាន់លានដុល្លារអាមេរិកគឺរឿង Jurassic World របស់ក្រុមហ៊ុន Universal Pictures ដែលប្រើពេលបញ្ចាំង១៣ថ្ងៃកាលពីដើមឆ្នាំនេះ។
តាមពិតទៅខ្សែភាពយន្ត “Star Wars” ថ្មីនេះបានលើរឿង “Jurassic World” ទៅហើយសម្រាប់ការបើកបញ្ចាំងចុងសប្តាហ៍ភ្លាមរកចំណូលបានដល់៥២៩ លានដុល្លារទូទាំងពិភពលោក។ Disney បានឲ្យដឹងថា រឿងនេះរកបាន៤៤០.៤លានដុល្លារនៅអាមេរិក និងកាណាដា ព្រមទាំង៤៤៩.៩លានដុល្លារសម្រាប់ទីផ្សារអន្តរជាតិផ្សេងទៀត ហើយគ្រោងចូលទីផ្សារចិនដែលជាទីផ្សារធំទីពីរក្នុងពិភពលោក៕