ខ្សែ ប្រយុទ្ធ Diego Costa ដែលកំពុងមានបញ្ហាល្អក់កកររាប់មិនអស់ជាមួយក្រុមតោខៀវ Chelsea អាចនឹងវិលត្រលប់ទៅរួមទ្រនំជាមួយក្លិបចាស់នៅអេស្ប៉ាញ Atletico Madrid តាមអតីតមិត្តរួមក្រុម Filipe Luis។
មួយរយៈចុងក្រោយនេះ កីឡាករមុខចាស់ Diego Costa ហាក់មិនសប្បាយចិត្តឡើយក្នុងការរួមក្រុម ក្រោមការចាត់ចែងរបស់លោក Jose Mourinho។ ចំណែកខាងក្លិបផ្ទាល់ក៏ប្រហែលជាអស់ភាពអត់ធ្មត់ដែរ ព្រមទាំងមានព័ត៌មានលេចឮមកថា កំពុងសម្លឹងរកខ្សែប្រយុទ្ធថ្មីមកជំនួសតំណែងកីឡាករជម្រើសជាតិ អេស្ប៉ាញរូបនេះទៀតផង។
ដោយសារបែបនេះហើយ កីឡាករ Diego Costa បានបោះពាក្យសំដីថា នឹងត្រលប់ទៅក្រុម Atletico Madrid វិញ តាមអតីតមិត្តរួមក្រុម Filipe Luis។ បន្ទាប់ពីសារព័ត៌មានមួយសួរពីការត្រលប់ទៅក្លិបចាស់វិញ ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរូបនេះបាននិយាយថា៖ «អ្នកមិនដែលដឹងទេ, គិតមើលទៅ ពេលនេះ Filipe Luis នៅឯណា»។
កីឡាករទាំងពីររូបខាងលើនេះ បានចូលលេងឲ្យក្រុម Chelsea នៅក្នុងឆ្នាំ២០១៤ ប៉ុន្តែ Filipe Luis លេងបានតែមួយរដូវកាលប៉ុណ្ណោះក៏ចាកចេញទៅអេស្ប៉ាញវិញកាលពីដើម ឆ្នាំ២០១៥ នេះ។ ចំណែក Diego Costa បានបន្តរហូតមកទល់រដូវកាលថ្មី ប៉ុន្តែហាក់ដូចជាធ្លាក់ទម្រង់លេងយ៉ាងខ្លាំង និងមិនអាចជួយក្រុមឲ្យបានប្រសើរឡើយ។
ខ្សែប្រយុទ្ធដើមកំណើតប្រេស៊ីល Diego Costa បានចាប់ផ្ដើមរដូវកាលដំបូងយ៉ាងជោគជ័យនៅពេលដែលគេផ្ទេរមកកាន់ ទឹកដី Stamford Bridge ពីក្រុម Atletico Madrid។ Costa គឺជាតួអង្គសំខាន់ដែលជួយឲ្យ Chelsea ឈ្នះ Premier League កាលពីរដូវកាលមុន ប៉ុន្តែបញ្ហារបួសអាចជាមូលហេតុចម្បងនៃការធ្លាក់ចុះទម្រង់លេង ខ្លាំង បន្ទាប់ពីជាង១០ ប្រកួតកន្លងមក រូបគេស៊ុតបញ្ចូលទីបាន៣គ្រាប់ប៉ុណ្ណោះ៕