ក្រុម Real Madrid ត្រូវសហព័ន្ធបាល់ទាត់អេស្ប៉ាញកាត់សេចក្ដីឱ្យធ្លាក់ចេញពីការប្រកួតពានរង្វាន់ Copa del Rey ទៅហើយ ដោយសារតែរឿងដាក់កីឡាករ Denis Cheryshev ឱ្យចូលលេងទាំងកីឡាកររូបនេះត្រូវជាប់បម្រាម១ប្រកួត។
ការប្រកួតជើងទី១ ជុំទី៤ Copa del Rey រវាងក្រុម Cardiz និង Real Madrid បានបញ្ចប់ទៅដោយលទ្ធផល Real ឈ្នះ ៣-១ លើក្រុមម្ចាស់ផ្ទះ Cardiz ។ ប៉ុន្តែចប់ការប្រកួត គេក៏បានរកឃើញថាកីឡាករ Cheryshev ដែលបានចូលលេងនិងរកគ្រាប់បាល់ឱ្យ Real Madrid ដំបូងនោះ ត្រូវជាប់បម្រាមមួយប្រកួតមិនអាចចូលលេងឱ្យអធិរាជសក្នុងប្រកួតនេះបានទេ ព្រោះថារូបគេបានទទួលកាតលឿង៣ដងក្នុងពានរង្វាន់ Copa del Rey កាលពីរដូវកាលមុន ពេលលេងឱ្យក្រុម Villarreal ក្រោមលក្ខខណ្ឌខ្ចីជើង។
ដូច្នេះហើយ ទើបកាលពីយប់មិញនេះ ខាងសហព័ន្ធបាល់ទាត់អេស្ប៉ាញចេញសេចក្ដីសម្រេចចំពោះករណីខាងលើថាក្រុម Real Madrid នឹងត្រូវធ្លាក់ចេញពីពានរង្វាន់ Copa del Rey ក្នុងរដូវកាលនេះដោយស្វ័យប្រវត្តិ បើទោះបីជាឈ្នះក្រុម Cardiz កាលពីជើងទីមួយក៏ដោយ។
លោក Florentino Perez ប្រធានក្លិប Real Madrid បាននិយាយមុនសេចក្ដីខាងលើរួចទៅហើយថា ក្លិបរបស់លោកនឹងធ្វើការតវ៉ាទៅតុលាការបាល់ទាត់ទៀត ប្រសិនបើមានការពិន័យមែន ខណៈដែលពេលនេះការពិន័យលេចចេញជាផ្លូវការហើយ។ រង់ចាំតាមដានទាំងអស់ ថាតើក្រុម Real Madrid អាចដាក់សំណើធ្វើការតវ៉ាបានដែរឬទេ?
សូមបញ្ជាក់ថានេះមិនមែនជាលើកទីមួយទេ ដែលអ្នកចាត់ការ Rafa Benitez ធ្វើឱ្យមានកំហុសរឿងបច្ចេកទេសកីឡាករនេះ ពោលគឺនៅឆ្នាំ២០០១ ដែលលោកដឹកនាំក្រុម Valencia ក៏ធ្លាប់មានរឿងអីចឹងកើតឡើងដែរ៕