អ្នក និពន្ធ សុខ ជំនោរ បង្ហាញជំនឿរហូតដល់៩០%ថា អតីតគូស្នេហ៍របស់លោក គឺតារាចម្រៀង សុគន្ធ និសា នឹងវិលត្រឡប់មករកទ្រនំផលិតកម្ម ហង្សមាស វិញ បន្ទាប់ពីមានការចែចូវពីផលិតកម្មមួយនេះ។
“ព្រោះខ្ញុំដឹងដែរ! ហើយខ្ញុំដឹងអត់មានប្រភពណាទេ គឺ និសា ប្រាប់ខ្ញុំតែម្ដង គាត់ប្រាប់ថា មានការចែចូវឱ្យមានការចូលវិញ”។ លោកថ្លែងនៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានគេចែកចាយលើបណ្ដាញសង្គម Facebook ថ្មីៗនេះ។ អ្នកនិពន្ធរូបនេះបន្តថា លោកមិនបានដឹងច្បាស់ពីការសម្រេចចិត្តរបស់អតីតគូស្នេហ៍នោះទេ ដោយសារតែលោកនៅតែមួយកន្លែងប៉ុណ្ណោះ។
អ្នកនិពន្ធដដែលបញ្ជាក់ថា មិនមានការដោះដូរឱ្យរូបលោកចាកចេញ ជាថ្នូរទៅនឹងការវិលចូលវិញរបស់តារាចម្រៀងស្រីខាងលើដូចការលើក ឡើងកន្លងមកនោះទេ។ លោកអះអាងថា អគ្គនាយកផលិតកម្មហង្សមាសឱ្យតម្លៃបុគ្គលិកដូចគ្នាទាំងរូបលោក និងអតីតគូស្នេហ៍ ក៏ដូចជាបុគ្គលិកដទៃទៀតដែរ។
ទោះបីជាយ៉ាងណា ពាក់ព័ន្ធទៅនឹងបញ្ហានេះមិនអាចសុំការបញ្ជាក់ពីលោក មាស សុខរតនៈ អ្នកចាត់ការទូទៅក្នុងផលិតកម្មថោនបានទេនៅរសៀលនេះ។ ដោយឡែក លោក អ៊ឹង សុងលាភ អ្នកចាត់ការទូទៅក្នុងផលិតកម្ម ហង្សមាស ក៏មិនអាចទាក់ទងសុំការបំភ្លឺបានដែរ ខណៈទូរសព្ទរបស់លោកមិនមានការឆ្លើយតប៕ ស្ដាប់បទសម្ភាសន៍ទាំងស្រុង សូមចុងត្រង់នេះ…