កាល ពីម្សិលមិញនេះក្រុមហ៊ុន Apple បានបង្ហាញនូវសម្បកទូរសព្ទមានផ្ទុកថាមពលថ្ម ដែលជាការភ្ញាក់ផ្អើលដ៏ធំមួយសម្រាប់អ្នកប្រើប្រាស់ iPhone 6 និង 6s មួយចំនួន។
យោងទៅតាមការរៀបរាប់របស់ក្រុមហ៊ុន Apple បានឲ្យដឹងថាសម្បក Smart Battery នេះរចនាឡើងជាពិសេសសម្រាប់ iPhone 6 និង 6s ដោយអាចការពារទូរសព្ទបានយ៉ាងល្អ ព្រមទាំងបន្ថែមការប្រើប្រាស់បានដល់ទៅ២៥ម៉ោង។ សម្បកដ៏ពិសេសនេះផលិតឡើងពីសារធាតុស៊ីលីកូនដែលមានសភាពទន់ រួមជាមួយនឹង មីក្រូហ្វៃប័រ។ ការរចនារូបរាងដោយវិចិត្រអាចជួយឲ្យការដោតនឹងដោះសម្បកចេញពី ទូរសព្ទប្រព្រឹត្តទៅដោយងាយស្រួល។
សម្បក Smart Battery នេះមានបំពាក់នូវរន្ធ Lighting នៅផ្នែកខាងក្រោមដែលអាចឲ្យអ្នកប្រើប្រាស់ភ្ជាប់ទៅនឹងឧបករណ៍ ដទៃបាន ហើយថែមទាំងអាចសាកថ្មទូរសព្ទរួមទាំងសម្បកក្នុងពេលតែមួយបាន ផងដែរ។ នៅពេលដែលដាក់ទូរសព្ទចូលទៅក្នុងសម្បកនេះ អ្នកប្រើប្រាស់អាចត្រួតពិនិត្យមើលថាមពលថ្មទូរសព្ទ រួមទាំងថ្មរបស់សម្បកបាននៅលើ ផ្ទាំង Lock Screen ដ៏ពិសេសលើទូរសព្ទ។
ក្រុមហ៊ុន Apple មិនបានបញ្ជាក់អំពីទំហំថាមពលរបស់សម្បកនេះឡើយ ប៉ុន្តែអះអាងថាអាចបន្ថែមពេលវេលាសម្រាប់និយាយទូរសព្ទបាន២៥ម៉ោង បន្ថែម ប្រើប្រាស់អ៊ីនធឺណិត4Gបាន១៨ម៉ោងបន្ថែម និង ចាក់វីដេអូបាន២០ម៉ោងបន្ថែម។
សម្បក Smart Battery មានពីរពណ៌ឲ្យជ្រើសរើស ពណ៌ស និង ពណ៌ប្រផេះ ដោយមានដាក់លក់ក្នុងតម្លៃ៩៩ដុល្លារ នៅលើវិបសាយ Apple Store របស់ក្រុមហ៊ុន Apple៕
ព័ត៌មានដ៏ភ្ញាក់ផ្អើលនេះជាដំណឹងដ៏ល្អពិសេសសម្រាប់អ្នកគាំទ្រ iPhone ហើយប្រិយមិត្តជាច្រើនក៏ទន្ទឹងរង់ចាំសម្រាប់ផលិតផលថ្មីនេះដែរ។ អាចមានលក់លើទីផ្សារកម្ពុជាដែរឬយ៉ាងណា បើមានលក់នោះ Sabay នឹងផ្សព្វផ្សាយបន្តទៀត៕