អតីត ខ្សែការពារជើងចាស់ Jamie Carragher បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា ប្រធានក្លិប Chelsea លោក Roman Abramovich ត្រូវសម្រេចចិត្តថាតើគួររក្សាទុកលោក Jose Mourinho ឬក៏ទុកកីឡាករបច្ចុប្បន្ន។
Carragher បាននិយាយក្នុងកម្មវិធី Monday Night Football ថា៖ “យើងមើលឃើញយ៉ាងច្បាស់ពីការដាច់ចេញពីគ្នារបស់គ្រូ និងកីឡាករ ដូច្នេះវេលានេះគឺអាស្រ័យលើលោក Abramovich សម្រេចថា គាត់ចង់ទុកនរណាម្នាក់”។
“ពួកគេមិនអាចធ្វើការជាមួយគ្នាបានទេ ហើយ Chelsea លែងជាក្រុមដែលខ្លាំង និងអាចឈ្នះពានរង្វាន់តទៅទៀតដែរ។ ខ្ញុំនឹងភ្ញាក់ផ្អើលខ្លាំងបើសិនជា Chelsea អាចឈ្នះពានរដូវកាលក្រោយជាមួយស្ថានភាពដូចបច្ចុប្បន្ន”។ Carra សង្កត់ធ្ងន់ដូច្នេះ។
រាប់ទាំងការចាញ់ Leicester កាលពីដើមសប្តាហ៍ ក្រុមតោខៀវ Chelsea ពេលនេះទទួលបរាជ័យ៩លើកហើយនៅ Premier League ធ្វើឲ្យពួកគេមាន១ពិន្ទុប៉ុណ្ណោះលើតំបន់ដែលត្រូវគេកាត់ចោល។ ការចាញ់ផ្ទួនៗរបស់ក្រុមធ្វើឲ្យលោក Mourinho ភ្ញាក់ខ្លួន និងថ្លែងពីអារម្មណ៍ក្នុងកិច្ចសម្ភាសន៍ថាលោកសង្ស័យកីឡាករនៅក្នុង ក្រុមកំពុងក្បត់៕