ខែ ធ្លាក់ខ្យល់រងា បញ្ហាបបូរមាត់ស្ងួតប្រេះ អាចកើតលើមនុស្សជាច្រើន ដោយការបាត់បង់សំណើមលើបបូរមាត់។ វិបសាយ Bold Sky បានណែនាំពីវិធីខ្លីៗមួយចំនួនដើម្បីចៀសផុតពីបញ្ហាខាងលើនេះ ដូចខាងក្រោម៖
ហាន់ប៉េងប៉ោះស្រស់ៗជាចំណិតស្ដើង រួចយកចំណិតប៉េងប៉ោះមួយបន្ទះមក ម៉ាស្សាថ្នមៗលើបបូរមាត់របស់អ្នក។ សារជាតិទឹករបស់ប៉េងប៉ោះនឹងជួយព្យាបាល បបូរមាត់ប្រេះបែកស្រការរបស់អ្នកបាន។ អ្នកក៏អាចលាបទឹកឃ្មុំលើចំណិតប៉េងប៉ោះមុនយកមកដុសម៉ាស្សាលើ បបូរមាត់ក៏បាន។
២. ផ្លែចេក
ចេកមិនត្រឹមតែជួយដល់ការរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដល់ជាព្យាបាលបបូរមាត់ស្ងួតនាខែរងាបាន ដោយសារ ជាតិប្រូតេអ៊ីនរបស់វា។ កាត់ចេកទុំមួយផ្លែជាដុំចំណិតតូចៗ ឬច្របាច់វាឲ្យម៉ដ្ឋ លាបផ្ទាល់លើបបូរមាត់។
៣. សំបកផ្លែក្រូច
សំបកផ្លែក្រូចធម្មតា ឬក្រូចឆ្មារ ជួយព្យាបាលបបូរមាត់ប្រេះបាន។ ច្របាច់ជាតិទឹកចេញពីសំបកក្រូច រួចមកលាបផ្ទាល់លើបបូរមាត់។
៤. ផ្លែត្រសក់
ផ្លែត្រសក់សំបូរជាតិទឹកច្រើន ជាឱសថសម្រស់មួយជួយកែខៃបញ្ហាបបូរមាត់ស្ងួត និងបញ្ហាស្បែកស្ងួតបាន។ ហាន់ផ្លែត្រសក់ជាចំណិតស្ដើងៗ រួចយកវាមកម៉ាស្សាលើបបូរមាត់ថ្នមៗ។ ជាតិទឹក និងវីតាមីន C ក្នុងត្រសក់នឹងផ្ដល់សំណើមដល់បបូរមាត់និងជួយការពារកុំឲ្យមាត់ ប្រេះបែកស្រកា។
៥. ល្ហុង និងទឹកឃ្មុំ
លាយសាច់ល្ហុងទុំជាមួយទឹកឃ្មុំ កូរឲ្យសព្វក្លាយជាល្បាយ រួចយកវាមកលាបលើបបូរមាត់ប្រេះ ទុករយៈពេល១០នាទីនោះ ស្នាមប្រេះ ឬបបូរស្ងួតនឹងលែងមាន។
៦. ស៊ុត (ផ្នែកពណ៌ស)
ស៊ុតសំបូរដោយជាតិប្រូតេអ៊ីន និងជួយព្យាបាលបបូរមាត់ស្ងួត ប្រេះនាខែធ្លាក់ខ្យល់រងា ឲ្យទន់រលោង។ យកផ្នែកពណ៌សនៃស៊ុត លាបលើបបូរមាត់ ទុករយៈពេល១០នាទី រួចលាងនឹងទឹកក្ដៅឧណ្ហៗ។
៧. ទឹកម្នាស់
នៅក្នុងម្នាស់មានសារធាតុអង់ស៊ីមមួយឈ្មោះ Bromelain និងសារធាតុ Alpha- hydroxy អាស៊ីត ដែលជួយបំបាត់ស្នាមជ្រួញ ប្រេះនៃបបូរមាត់បាន។ យកទឹកម្នាស់មកលាបផ្ទាល់នឹងបបូរមាត់ ទុករយៈពេល២០នាទី រួចលាងសម្អាតនឹងទឹកត្រជាក់ចេញ។
៨. ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើ ជាឱសថធម្មជាតិពិសេសដែលជួយបង្ការកុំឲ្យបបូរមាត់ប្រេះបាន។ យកសាច់ប្រទាលកន្ទុយក្រពើស្រស់ៗ មកម៉ាស្សាផ្ទាល់លើបបូរមាត់ សារធាតុវីតាមីន E និងជួយបំបាត់បបូរមាត់ជ្រួញ និងស្ងួត ព្រមទាំងផ្ដល់សំណើមដល់បបូរមាត់បានស្រស់ស្អាតទៀតផង៕