ស្ដេចគ្រឿងញៀនម៉ិកស៊ីកូ ដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលក្រោយជីករូងក្រោមដីគេចខ្លួនចេញ ពីគុកដោយសុវត្ថិភាពនោះ ពេលនេះបានធ្វើឲ្យពិភពលោកចាប់អារម្មណ៍ជាថ្មី បន្ទាប់ពីលេចឮថាមានគម្រោងធ្វើសង្គ្រាមជាមួយក្រុម ISIS។
El Chapo ជាមេខ្លោងគ្រឿងញៀនដែលពិភពលោកចង់ចាប់ខ្លួនបំផុតមួយ ហើយពេលនេះត្រូវគេរាយការណ៍ថាបានសរសេរសារគំរាមទៅកាន់មេដឹកនាំ កំពូល ISIS លោក Abu Bakr Al Baghdadi។
El Chapo
ការសរសេរផ្ញើសារជា Email ទៅកាន់មេដឹកនាំ ISIS ធ្វើឡើងបន្ទាប់ពីកប៉ាល់ដឹកទំនិញរបស់ក្រុមហ៊ុនលោក ត្រូវបានក្រុមភេរវករ បាញ់កម្ទេច។ នៅក្នុងសំបុត្ររបស់លោក ដែលត្រូវបានទម្លាយឲ្យដឹងដោយគេហទំព័រ Cartelblog.com អះអាងថាគ្នីគ្នារបស់មេខ្លោងរូបនេះនឹងតាមកម្ទេច ISIS ប្រសិនបើពួកគេបន្តរំខានប្រតិបត្តិការរកស៊ី។
លោក El Chapo ដែលបើកក្រុមហ៊ុនជួញដូរគ្រឿងញៀនអន្តរជាតិឈ្មោះ Sinaloa Cartel បានក្រើនរំលឹកមេ ISIS តាម Email ថា «អង្គការលោកមិនមែនជាទាហានទេ លោកគ្មានអ្វីអស្ចារ្យទេ ព្រះរបស់លោកមិនអាចជួយសង្គ្រោះលោកចេញពីក្រុមភេវរករពិតប្រាកដ បានឡើយ។ គ្នីគ្នារបស់យើងនឹងធ្វើសង្គ្រាមជាមួយលោក ប្រសិនបើលោកនៅបន្តរំខានការរកស៊ីរបស់យើង….»។
មេខ្លោងគ្រឿងញៀន El Chapo មានឈ្មោះហៅក្រៅ Shorty បានរត់គេចខ្លួនចេញពីគុក Altiplano ចម្ងាយប្រមាណ ៨៨គីឡូម៉ែត្រពីទីក្រុងម៉ិកស៊ីកូ កាលពីខែកក្កដាកន្លងទៅ ដោយបាត់ដំណឹងសូន្យឈឹង មកទល់ពេលនេះមិនទាន់មានអ្នកម្នាក់ដឹងទីសំចតមេឃ្លោងនេះ ឡើយ៕
មេដឹកនាំ ISIS លោក Abu Bakr al-Baghdadi