“អ្វីដែលបុរសធ្វើបាន ស្ត្រីក៏អាចធ្វើបានដែរ” នេះជាឃ្លាដែលអ្នកឧស្សាហ៍ឮក្នុងន័យលើកកម្ពស់ស្ត្រីឲ្យស្មើនឹងបុរស។ ចង់ដឹងថា ស្ត្រីខ្លាំងដូចបុរសមែនឬក៏អត់ ព្រឹកនេះ Sabay សូមលើកយកកំពូលស្ត្រីជើងខ្លាំងទាំង ៥ រូបក្នុងវិស័យបច្ចេកវិទ្យានៃទ្វីបអាស៊ីឲ្យអ្នកបានស្គាល់។ តោះ! មើលមុខ និងសមិទ្ធផលដែលពួកគេសម្រេចបាននាពេលកន្លងមក។
១. លោកស្រី Cher Wang
សហគ្រិនតៃវ៉ាន់ដ៏មានឥទ្ធិពលម្នាក់នេះជាសហស្ថាបនិកក្រុមហ៊ុនល្បី HTC និងប្រធានក្រុមហ៊ុនបច្ចេកវិទ្យាល្បីរបស់តៃវ៉ាន់នេះតាំងពីឆ្នាំ ២០០៧ មក។ ស្ត្រីដែលទទួលការអប់រំក្នុងសហរដ្ឋអាមេរិករូបនេះត្រូវបានគេហទំព័រល្បី Forbes ចាត់ចំណាត់ថ្នាក់ជាស្ត្រីមានឥទ្ធិពលបំផុតរបស់ពិភពលោកទី ៥៤ ប្រចាំឆ្នាំ ២០១៤។
២. លោកស្រី Padmasree Warrior
ស្ត្រីដែលបញ្ចប់ផ្នែកវិស្វកម្មគីមីពីសាកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិករូបនេះ ជាកម្លាំងស្នូលដ៏សំខាន់របស់ក្រុមហ៊ុនបច្ចេកវិទ្យាល្បី Cisco។ ក្នុងដំណែងជាប្រធានផ្នែកយុទ្ធសាស្ត្រ និងបច្ចេកវិទ្យារបស់ក្រុមហ៊ុន លោកស្រីត្រូវនាយកប្រតិបត្តិលោក John Chamber សរសើរថា ជាស្ត្រីកំពូលម្នាក់ក្នុងវិស័យបច្ចេកវិទ្យាពិភពលោក។ នៅពេលដែលត្រូវអ្នកកាសែតសួរថា តើនរណានឹងអាចជំនួសដំណែងលោកនៅពីរឆ្នាំបន្ទាប់ ប្រធានក្រុមហ៊ុនរូបនេះមិនស្ទាក់ស្ទើរក្នុងការបញ្ជាក់ច្បាស់ៗពីឈ្មោះរបស់លោកស្រី Warrior ឡើយ។
៣. លោកស្រី Sun Yafang
ស្ត្រីជើងខ្លាំងចិនម្នាក់នេះគឺជា ប្រធានក្រុមហ៊ុន Hauwei តាំងពីឆ្នាំ ១៩៩៩ មក។ លោកស្រីបានដើរចូលក្រុមហ៊ុនផលិតសម្ភារៈ network ធំបំផុតក្នុងលោកនេះតាំងពីឆ្នាំ ១៩៨៩។ លោកស្រីបានទទួលពានរង្វាន់សង្គមទូរគមនាគមន៍ និងព័ត៌មានវិទ្យាពិភពលោកពីសហភាពទូរគមនាគមន៍អន្តរជាតិក្នុងឆ្នាំ ២០១២។
៤. លោកស្រី Kiran Mazumdar-Shaw
គឺជាស្ត្រីមានបំផុតរបស់ឥណ្ឌា ហើយក៏ជាស្ត្រីទី ១ ដែរដែលបានរួមចំណែកក្នុងវិស័យជីវបច្ចេកវិទ្យា។ លោកស្រីប្រធានក្រុមហ៊ុន និងជានាយកគ្រប់គ្រងក្រុមហ៊ុន Biocon ដែលជាគ្រឹះស្ថានផលិតឱសថមានតម្លៃថោកសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរ៉ាំរ៉ៃ។ ក្រៅពីនេះលោកស្រីក៏ជាប្រធានវិទ្យាស្ថានគ្រប់គ្រងឥណ្ឌាក្នុងទីក្រុង Bangalore ដែលជាស្ថាប័នអប់រំផ្នែកជំនួញនាំមុខមួយរបស់ឥណ្ឌា។
៥. លោកស្រី Weili Dai
កើតនៅចិន និងទទួលការអប់រំនៅសហរដ្ឋអាមេរិក លោកស្រីជាអ្នកត្រួសត្រាយផ្លូវដ៏ធំមួយក្នុងវិស័យបច្ចេកវិទ្យា។ លោកស្រីជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Marvell Technology Group។ ការរួមចំណែកជាច្រើនបានធ្វើឲ្យលោកស្រីឈ្នះពានរង្វាន់ធំៗមួយចំនួនក្នុងនោះនៅឆ្នាំ ២០១៣ លោកស្រីឈ្នះពានស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាប្រចាំឆ្នាំពីពានរង្វាន់ Gold Stevie ដែលប្រៀបបានជានឹងពានរង្វាន់អូស្ការផ្នែកជំនួញ។