ក្រុម កំពូលតារាង La Liga របស់អេស្ប៉ាញ FC Barcelona នឹងត្រូវបើកទ្វារកីឡដ្ឋាន Camp Nou ស្វាគមន៍ក្រុមជើងឯកបារាំង Paris Saint Germain ក្នុងការប្រកួត UEFA Champions League វគ្គ៨ក្រុមចុងក្រោយ ជើងទី២ នាវេលាម៉ោង០១:៤៥នាទីរំលងអាធ្រាត្រយប់នេះ។
កាលពីជើងទី១ នៅទឹកដីបារាំងសប្ដាហ៍មុន អ្នកមានបុណ្យ Barca បានបំបាក់ PSG ដោយលទ្ធផល ៣-១ ដូច្នេះមានន័យថា ក្រុមរបស់លោក Luis Enrique មានសង្ឃឹមខ្លាំងថានឹងបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ប្រិយមិត្តសាកទាយមើល៍ថា Barca អាចទម្លាក់ PSG បានឬអត់?
សម្ដីអ្នកចាត់ការ៖
លោក Luis Enrique អ្នកចាត់ការក្រុម Barca បានលើកឡើងថា ទោះបីជា Zlatan និង Verratti ត្រឡប់មកជួយក្រុម PSG ក៏ដោយ ក៏មិនអាចធ្វើអ្វីក្រុមរបស់លោកបានដែរ។ អ្នកចាត់ការវ័យ៤៤ឆ្នាំ បន្ថែមថា៖ “ខ្ញុំគិតតែរឿងឈ្នះប៉ុណ្ណោះ យើងត្រូវតែធ្វើឲ្យបានល្អនៅយប់នេះ ឲ្យដូចនឹងអ្វីដែលយើងធ្លាប់ធ្វើនៅទីក្រុងប៉ារីស។ យើងមិនត្រូវការទប់ស្មើទេ គឺយើងត្រូវតែយកឈ្នះទៀត”។
រីឯលោក Laurent Blanc អ្នកចាត់ការក្រុម PSG វិញ បាននិយាយថា៖ “យើងទាំងអស់គ្នាដឹងថា ការងារមួយនេះពិតជាពិបាកខ្លាំងណាស់។ បញ្ហារបស់យើងគឺត្រូវរកគ្រាប់បញ្ចូលទីគេឲ្យបានច្រើន ប៉ុន្តែខ្ញុំនៅតែមានជំនឿខ្លះៗថា យើងនឹងអាចមានឱកាសឡើងទៅវគ្គបន្តបាន”។
ជើងកីឡាករ៖
ក្រុមម្ចាស់ផ្ទះ Barca មានកីឡាករសំខាន់របួសតែម្នាក់ប៉ុណ្ណោះគឺ ខ្សែការពារ Thomas Vermaelen របួសសរសៃពួរ។ ដូច្នេះជម្រើស១១នាក់ដំបូងរបស់អ្នកមានបុណ្យ នារាត្រីនេះពេញជើងល្អណាស់ ដែលអាចជា៖ Ter Stegen; Alves, Piqué, Mascherano, Alba; Rakitić, Busquets, Iniesta; Suárez, Messi និង Neymar។
ចំណែកឯក្រុមភ្ញៀវ PSG វិញ កីឡាករសំខាន់២រូប Zlatan Ibrahimovic និង Marco Verratti អាចចូលលេងបានវិញហើយ ខណៈដែល Thiago Silva, Thiago Motta (របួស) និង Serge Aurier ជាប់ពិន័យ។ ដូច្នេះ១១នាក់ដំបូងរបស់ក្រុមខ្លាំងបារាំង អាចជា៖ Sirigu; Van der Wiel, David Luiz, Marquinhos, Maxwell; Verratti, Cabaye, Matuidi; Cavani, Ibrahimović និង Pastore។