ការ ប្រកួតក្របខ័ណ្ឌ La Liga កាលពីយប់មិញនេះ ក្រុមយក្ស Real Madrid បានយកឈ្នះក្រុមម្ចាស់ផ្ទះ Celta de Vigo ដោយលទ្ធផល ៤-២ ខណៈ៤គ្រាប់ជ័យជម្នះនោះរកបានដោយខ្សែប្រយុទ្ធកំពុងឡើងជើង Javier Hernandez (Chicharito) ២គ្រាប់ , Toni Kroos ១គ្រាប់ និង James Rodriguez ១គ្រាប់។
ការប្រកួតចាប់ផ្ដើមបានតែ៩នាទី ខាងក្រុមម្ចាស់ផ្ទះ Celta de Vigo បានធ្វើឱ្យអ្នកគាំទ្រខ្លួននៅកីឡដ្ឋាន Estadio de Balaidos សប្បាយចិត្តជាខ្លាំង ដោយកីឡាករ Duran ស៊ុតចូល១គ្រាប់នាំមុខមុន។ ទោះជាយ៉ាងនេះក្ដី ការសប្បាយចិត្តនេះមិនបានយូរប៉ុន្មាននោះទេ ដោយខ្សែបម្រើ Toni Kroos របស់ Real រកគ្រាប់បាល់បានស្មើវិញនៅនាទី១៦។ បន្ទាប់ពីស្មើ១-១ នេះបានត្រឹម៨នាទី ខ្សែប្រយុទ្ធកំពុងឡើងជើង Chicharito រកបាន១គ្រាប់ទៀត ឱ្យលោក Carlo Ancelotti នាំមុខ ២-១ វិញម្ដង តែក៏មិនបានយូរដូចគ្នា ព្រោះខ្សែបម្រើ Lorenzo របស់ Celta ស៊ុតតាមស្មើបានវិញនៅនាទី ២៨។
ជិតចប់តង់ទីមួយទៅហើយ James Rodriguez រកបានមួយគ្រាប់ទៀត បន្ទាប់ពីទទួលបានបាល់ពី Cristiano Ronaldo យ៉ាងស្អាត ដើម្បីឱ្យក្រុម Real Madrid នាំមុខ ៣-២ ត្រឹមតង់ទី១។ ចូលមកដល់តង់ទី២ ក្រុមទាំងសងខាងនៅតែវាយសម្រុកគ្នាដដែល រហូតដល់នាទី៦៩ ទើបខ្សែប្រយុទ្ធខ្ចីជើងពី Man Utd មកអាចរកបានគ្រាប់បាល់ទី២ហើយក៏ជាគ្រាប់បាល់ទី៤របស់ស្ដេចស ផងដែរ។ លទ្ធផល ៤-២ នេះរក្សារហូតចប់ការប្រកួត។
ជ័យជម្នះនេះ គឺអាចបន្តក្ដីសង្ឃឹមឱ្យ Real ក្នុងការប្រជែងយកពាន La Liga ពី Barcelona ពោលគឺក្រុមទាំងពីរនេះមានពិន្ទុប្រដេញគ្នា ៨១ និង ៧៩ ខណៈដែលការប្រកួតវិញនៅសល់៥ប្រកួតទៀត៕