ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានស៊ុត hat-trick (៣គ្រាប់) ជួយឲ្យក្រុម Paris St-Germain ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ French Cup បន្ទាប់ពីក្រុមកំពូលតារាង Ligue 1 មួយនេះ បំបាក់ St Etienne ៤-១ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីយប់មិញ។
កីឡាករជម្រើសជាតិស៊ុយអែត វ័យ៣៣ឆ្នាំ Zlatan បានស៊ុតគ្រាប់បើកឆាក និងជាគ្រាប់ទី១០០របស់ខ្លួន ឲ្យអ្នកគាំទ្រនៅកីឡដ្ឋាន Parc des Princes ហ៊ោកញ្ជ្រៀវសប្បាយរីករាយយ៉ាងខ្លាំង នៅទីនាទី២១ ដោយការទាត់បាល់ប៉េណាល់ទី ក្រោយ Francois Clerc បង្កកំហុសលើ Lavezzi។ ប៉ុន្តែ៥នាទីបន្ទាប់ Romain Hamouma បានតែតឲ្យ St Etienne តាមបានស្មើ ១-១ វិញ។
ចូលដល់តង់ទី២ កីឡាករជម្រើសជាតិអាហ្សង់ទីន Ezequiel Lavezzi បានតែតឲ្យម្ចាស់ផ្ទះ PSG បន្តនាំមុខ ២-១ ជាថ្មីទៀតនៅនាទី៦០ បន្ទាប់ពីការបញ្ជូនបាល់កាត់យ៉ាងល្អពីជើង Javier Pastore។ យ៉ាងណាក្ដី PSG បានថែម២គ្រាប់ទៀត ដោយ Zlatan នៅនាទី៨១ និង១គ្រាប់ទៀត នៅម៉ោងបន្ថែមមានរបួស ដែលជាគ្រាប់បាល់ hat-trick តែម្ដង។
ក្រោយជ័យជម្នះនេះ ក្រុមជើងឯកបារាំង នឹងឡើងទៅប៉ះ Auxerre នៅវគ្គផ្ដាច់ព្រ័ត្រ ខណៈដែលពួកគេចង់លើកពានទាំង៣ព្រមគ្នា ទាំង Ligue 1, French Cup និង Champions League ទៀតផង៕