នៅក្របខ័ណ្ឌ Ligue 1 របស់បារាំងកាលពីយប់មិញនេះ ក្រុម Paris Saint-Germain បានយកឈ្នះក្រុម Marseille ទាំងតឹងទ្រូងបំផុត ៣-២ ខណៈដែលគ្រាប់បាល់ជ័យជម្នះ គឺជាការធ្វើឱ្យចូលទីខ្លួនឯងរបស់ Morel។ មួយវិញទៀត ត្បិតតែឈ្នះបាន៣ពិន្ទុ និងបានឡើងឈរនៅកំពូលតារាងជាបណ្ដោះអាសន្នមែន ប៉ុន្តែក្រុមលោក Blanc អាចនឹងអវត្តមានខ្សែការពារសំខាន់ David Luiz នៅពេលប៉ះ Barcelona នៅ Champions League ព្រោះរងរបួសនាការប្រកួតនោះ។
ការប្រកួតកាលពីយប់មិញ ពិតជាស្វិតស្វាញខ្លាំងមែនទែន ដោយកីឡាករទាំងសងខាងរត់សឹងតែដាច់ជើងចោលដើម្បីបាន៣ពិន្ទុ ខណៈដែលកីឡាករ David Luiz លេងបានត្រឹមនាទី៣៤ ក៏មានបញ្ហារបួសជើងជាខ្លាំង ពោលគឺមានបញ្ហាសរសៃពួរ ត្រូវប្ដូរចេញភ្លាមៗតែម្ដង។ ក្រោយពីប្ដូរចេញនោះដែរ ខាងក្រុមគ្រូពេទ្យរបស់ PSG បាននិយាយថាខ្សែការពារជម្រើសជាតិប្រេស៊ីលរូបនេះមានបញ្ហាសរសៃ ពួរខ្លាំង ត្រូវការពេលសម្រាកព្យាបាលប៉ុន្មានសប្ដាហ៍ឯណោះ។
នេះមានន័យថា អតីតកីឡាករ Chelsea រូបនេះប្រហែលជាមិនអាចបង្ហាញខ្លួនបានទេ ពេលប្រកួតពានរង្វាន់ UEFA Champions League វគ្គ៨ក្រុមចុងក្រោយ ជើងទី១ ដែលក្រុម PSG ត្រូវប៉ះ Barcelona នៅថ្ងៃទី១៦ខាងមុខនេះ។ លើសពីនេះទៅទៀត ខ្សែប្រយុទ្ធ Zlatan Ibrahimovic ក៏មិនមានវត្តមានក្នុងប្រកួតសំខាន់នេះដែរ ព្រោះថារូបគេជាប់ពិន័យ១ប្រកួត ដោយសារបានកាតក្រហមពេលប៉ះ Chelsea កាលពីប្រកួតវគ្គ១៦ក្រុមចុងក្រោយ។