Cristiano Ronaldo បានស៊ុតបញ្ចូលទី៥គ្រាប់ម្នាក់ឯង ជួយឲ្យក្រុម Real Madrid បំបាក់ Granada ៩-១ នៅសប្ដាហ៍ទី២៩ នៃ La Liga កាលពីព្រលប់ម្សិលមិញនេះ។
៣គ្រាប់ផ្សេងទៀតរបស់ក្រុមលោក Carlo Ancelotti ធ្វើបានដោយខ្សែប្រយុទ្ធបារាំង Karim Benzema ២គ្រាប់ (នាទី៥២,៥៦) និងការធ្វើឲ្យចូលទីខ្លួនឯងដោយកីឡាករ Diego Mainz ៧នាទីមុនចប់ការប្រកួត។ ១គ្រាប់សងវិញរបស់ក្រុមភ្ញៀវ ធ្វើបានដោយ Robert Ibanez នៅនាទី៧៤។
នេះជាលើកដំបូងហើយក្នុងអាជីពរបស់ CR7 ដែលអាចស៊ុតបញ្ចូលទីបានដល់ទៅ៥គ្រាប់ក្នុងមួយប្រកួត ហើយក៏ជាការធ្វើបានហ៊ែតទ្រីក (៣គ្រាប់ឡើង) ជាលើកទី៥ ក្នុងរដូវកាលនេះផងដែរ។
ក្រោយជ័យជម្នះដ៏លើសលប់នេះ Real បានកាត់បន្ថយគម្លាតពីក្រុមកំពូលតារាង Barcelona មកត្រឹម១ពិន្ទុ ប៉ុន្តែគម្លាតនោះបានកើនដល់៤ពិន្ទុវិញនាប៉ុន្មានម៉ោងក្រោយមក ពោលគឺ ក្រោយពេល Barca ឈ្នះ Celta Vigo ១-០ នាការប្រកួតម៉ោង២រំលងអាធ្រាត្រយប់មិញ។ បើងាកទៅមើលតារាង Top Scorer វិញ Ronaldo បានឡើងឈរលើ Lionel Messi ជាថ្មី(៣៦គ្រាប់ ទល់ ៣២គ្រាប់)៕