វត្តមាន ខ្សែប្រយុទ្ធដ៏មុតស្រួចសញ្ជាតិស៊ុយអែត Zlatan Ibrahimovic ដែលជាក្ដីសង្ឃឹមថាអាចជួយស្រោចស្រង់ក្រុម Paris Saint Germain ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងក្របខ័ណ្ឌពានរង្វាន់កំពូលទ្វីបអឺរ៉ុប UEFA Champions League បានបញ្ចប់ទៅហើយ បន្ទាប់ពីកីឡាករវ័យក្មេង Neymar ស៊ុតបញ្ចូលទីពីរគ្រាប់បន្ថែមឲ្យក្រុម Barcelona។
កាលពីជើងទីមួយ ក្រុមរងជើងឯកលីកកំពូលអេស្ប៉ាញ Barcelona បានយកឈ្នះក្រុមជើងឯកលីកកំពូលបារាំង Paris Saint Germain ដល់ទឹកដីក្នុងលទ្ធផល ១-៣ ដែលកាលនោះពុំមានវត្តមានកំពូលខ្សែប្រយុទ្ធ Zlatan Ibrahimovic ឡើយ ដោយសារជាប់ពិន័យ។
ការវិលត្រលប់មកជួយក្រុមវិញ នៃកីឡាករសញ្ជាតិស៊ុយអែតរូបនេះ បានធ្វើឲ្យក្រុម Paris Saint Germain មានក្ដីសង្ឃឹមថានឹងអាចរកគ្រាប់បាល់សងវិញ ដើម្បីឡើងទៅវគ្គបន្តទៀត ប៉ុន្តែត្រូវរងបរាជ័យជាថ្មីក្នុងលទ្ធផល ២-០ នៅទឹកដី Camp Nou។
ពីរគ្រាប់របស់ក្រុមម្ចាស់ផ្ទះក្នុងជើងទីពីរ រកបានដោយកីឡាករសញ្ជាតិប្រេស៊ីល Neymar នៅនាទីទី១៤ និង៣៤។ សរុបទាំងពីរជើង ក្រុម Barcelona បានយកឈ្នះក្រុម Paris Saint Germain ដោយលទ្ធផល ៥-១។ ចាំអ៊ុតមើល៍ តើក្រុមអ្នកមានបុណ្យអាចលើកពានរង្វាន់កំពូលទ្វីបអឺរ៉ុប UEFA Champions League រដូវកាលនេះបានដែរឬទេ?