រូបភាព ប៉ុន្មានសន្លឹកខាងក្រោមនេះ គឺជារូបភាពទារកអាយុ៤ខែ ដែលត្រូវបានជួយសង្រ្គោះ ក្រោយកប់ក្រោមកម្ទេចថ្មអស់យ៉ាងហោចណាស់២២ម៉ោង បន្ទាប់ពីរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រនៅប្រទេសនេប៉ាល់កាលពីថ្ងៃសៅរ៍។
កាសែតនេប៉ាល់ Katmandu Today ដែលបានថតយករូបភាពមិនគួរឲ្យជឿនេះ បានបញ្ជាក់ថាទារកនេះត្រូវបានជួយសង្រ្គោះដោយទាហាននេប៉ាល់។ ដំបូងឡើយ ទាហានទាំងនោះបានបរាជ័យ មិនអាចយកទារកនោះចេញពីគំនរបាក់បែកបានឡើយ ដោយគិតថាទារកនោះបានស្លាប់បាត់ទៅហើយ។ ប៉ុន្មានម៉ោងក្រោយមក នៅពេលបានឮសំឡេងយំរបស់ទារក ពួកគេបានវិលមកវិញ ហើយជួយសង្រ្គោះបានជោគជ័យ។
ក្រោយក្រុមគ្រូពេទ្យពិនិត្យរួចមក លទ្ធផលបានបង្ហាញថា ទារកនោះស្ថិតក្នុងស្ថានភាពល្អប្រសើរ ពោលគឺមិនមានរបួសផ្នែកខាងក្នុងនោះទេ។
រញ្ជួយដីនៅនេប៉ាល់ គឺជារឿងទុក្ខសោកបំផុតមួយរបស់ពិភពលោកក្នុងឆ្នាំ២០១៥នេះ។ គិតមកទល់ព្រឹកមិញនេះ ចំនួនអ្នកស្លាប់បានកើនដល់ជាង៥០០០នាក់ និងមានរាប់ម៉ឺននាក់ផ្សេងទៀតរងរបួស និងបាត់បង់លំនៅដ្ឋាន។ គេប៉ាន់ស្មានថា ចំនួនអ្នកស្លាប់អាចកើនដល់ខ្ទង់ម៉ឺននាក់៕