Javier Hernandez ដែលគេចំណាំហៅក្រៅថា Chicharito នោះ បានធ្វើឲ្យ Real Madrid ឡើងទៅកាន់វគ្គបួនក្រុមចុងក្រោយ បន្ទាប់ពីស៊ុតបានមួយគ្រាប់ ទម្លាក់ Atlético ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតពានរង្វាន់អឺរ៉ុប UEFA Champions League កាលពីយប់មិញ។
ក្រោមការបញ្ជូនបាល់យ៉ាងល្អក្នុងតំបន់គ្រោះថ្នាក់ដោយ Cristiano Ronaldo កីឡាករម៉ិកស៊ីកូ Hernandez បានទម្លាយសំណាញ់ទី Atlético នៅនាទីទី៨៨។
ក្នុងការប្រកួតនេះ Real Madrid ដែលធ្វើជាម្ចាស់ផ្ទះក្នុងជើងទីពីរ បានសម្រុកយ៉ាងខ្លាំង ចំណែក Atlético ដែលពេលបើកកីឡដ្ឋានស្វាគមន៍ក្រុមស្ដេចសរកបានត្រឹមស្មើ បានព្យាយាមការពារយ៉ាងខ្លាំង និងមានឱកាសវាយបកតិចតួច។ ដោយមិនសំណាងល្អ កីឡាករ Arda Turan បានទទួលកាតលឿងទីពីរ ដែលស្នើនឹងកាតក្រហម ក្រោយបើកបាតស្បែកជើងទប់ជើងកីឡាកររបស់ Real Madrid នៅនាទីទី៧៦។
ដូច្នេះក្រុមកំពូលអេស្ប៉ាញ Real Madrid និងបីក្រុមទៀត មាន Barcelona របស់អេស្ប៉ាញដែរ Bayern Munich របស់អាល្លឺម៉ង់ និង Juventus របស់អ៊ីតាលី នឹងត្រូវរង់ចាំការចាប់ឆ្នោត ថាតើក្រុមណានឹងជួបក្រុមណានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។