ជ័យជម្នះ ក្រុម Chelsea លើក្រុម Leicester City ៣-១ យប់មិញនេះ បានធ្វើឱ្យបំណងលើកពាន English Premier League របស់លោក Jose Mourinho កាន់តែខិតជិតមកដល់ហើយ ពោលគឺសល់តែ១ប្រកួតទៀតទេ ប្រសិនបើក្រុមតោខៀវឈ្នះទៀតនោះ ពួកគេនឹងបានលើកពានហើយ ព្រោះឈ្នះពិន្ទុដាច់។
សង្គ្រាមលើវាលស្មៅរវាងក្រុម Leicester និង Chelsea យប់មិញនេះ ពិតជាក្ដៅគគុកមែន ព្រោះក្រុមម្ចាស់ផ្ទះជាអ្នករកបានគ្រាប់បាល់មុនដោយខ្សែការពារ Albrighton នៅចុងតង់ទី១។ ចូលដល់តង់ទី២ តោខៀវត្របាក់បាន១គ្រាប់វិញភ្លាមៗ ដោយខ្សែប្រយុទ្ធចាស់វស្សា Drogba នៅនាទី៤៨។ បន្ទាប់ពីបានស្មើ ១-១ នេះមក ក្រុម Chelsea កាន់តែមានទឹកចិត្ត បើកការវាយប្រហារថែមទៀត រហូតដល់នាទី៧៩ ទើបខ្សែការពារ John Terry រកបានគ្រាប់បាល់ទី២ បាន ខណៈដែល១គ្រាប់ចុងក្រោយធ្វើបានដោយ Ramires នៅនាទី ៨៣ ។
៣ពិន្ទុយប់មិញនេះ បានធ្វើឱ្យ Chelsea មានពិន្ទុក្នុងដៃ ៨០ពិន្ទុទៅហើយ ស្របដែលក្រុមលេខ២ Manchester City និងក្រុមលេខ៣ Arsenal វិញទើបតែមាន៦៧ពិន្ទុប៉ុណ្ណោះ (Arsenal សល់១ប្រកួតក្នុងដៃ) នេះមានន័យថា ក្រុមលោក Jose Mourinho ត្រូវការឈ្នះតែ១ប្រកួតទៀតប៉ុណ្ណោះនឹងបានលើកពានដោយស្វ័យ ប្រវត្តិហើយ ព្រោះការប្រកួតរដូវកាលនេះសល់តែ៤ប្រកួតទៀតប៉ុណ្ណោះ៕