ក្រុមហ៊ុន ទើបកកើតថ្មីមួយក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិកឈ្មោះ Endless កំពុងប្រមូលលុយឲ្យបាន១០០ ០០០ដុល្លារ ដើម្បីផលិតកុំព្យូទ័រតាំងលើតុតម្លៃថោក។
កុំព្យូទ័រដែលគេគ្រោងផលិតនោះមានឈ្មោះថា “Endless PC” ដោយដោតជាមួយទូរទស្សន៍ក៏បាន ជាមួយក្បាល Monitor ក៏បាន ហើយភ្ជាប់ជាមួយ Keyboard និង Mouse ដើម្បីដំណើរការ។
កុំព្យូទ័រនេះនឹងមានប្រព័ន្ធប្រតិបត្តិការ (OS) ផ្ទាល់ខ្លួន ដំណើរការជាមួយកម្មវិធីមូលដ្ឋានរបស់ Linux។ ប្រព័ន្ធប្រតិបត្តិការរបស់វាក៏មានកម្មវិធីសម្រាប់កម្សាន្ត អប់រំ ឬសុខភាព ប្រហែល១៥០ផ្សេងទៀត ដើរដោយមិនចាំបាច់ភ្ជាប់អ៊ីនធឺណិត។
វិស្វករ៦០នាក់កំពុងតែធ្វើការងារនេះ ដោយចំណាយពេល៣ឆ្នាំ។ អតិថិជនរបស់ក្រុមហ៊ុនថ្មីនេះគឺមនុស្សរាប់លាននាក់ដែលអត់ទាន់ មានកុំព្យូទ័រប្រើប្រាស់នៅឡើយ។ ក្រោយផលិតចេញជារូបរាង គេនឹងចែកចាយទៅកាន់ហាងលក់រាយផ្សេងៗ។ កុំព្យូទ័រនេះនឹងគ្រោងដាក់លក់ក្នុងតម្លៃ ១៦៩ដុល្លារ៕