The Bell 525 Relentless គឺជាឧទ្ធម្ភាគចក្រទំនើបបំផុត ដែលក្រុមហ៊ុន Textron បានផលិតឡើងសម្រាប់អ្នកមានលុយចាយមិនអស់ទិញជិះ។ ឧទ្ធម្ភាគចក្រនេះដែរ មើលខាងក្នុងទៅគឺដូចនឹងបន្ទប់ទទួលភ្ញៀវមួយអីចឹងព្រោះត្រូវបានរចនាឡើងឱ្យមានកន្លែងអង្គុយដែលអាចដាក់មនុស្សបានរហូតដល់ទៅ២០នាក់ឯណោះ។
The Bell 525 Relentless ជាឧទ្ធម្ភាគចក្រដែលខាងក្រុមហ៊ុន Textron ផលិតឡើងមានកំណត់ហើយមិនទាន់បានដាក់តម្លៃលក់ឱ្យពិតប្រាកដនោះទេ ប៉ុន្តែគេអាចសន្និដ្ឋានបានថា វាមានតម្លៃប្រហែលជា១៥លានដុល្លារអាមេរិកក្នុងមួយគ្រឿង។ ចំពោះផ្នែកខាងក្នុងវាវិញ គឺត្រូវបានគេធ្វើឡើងឱ្យធំជាងឧទ្ធម្ភាគចក្រធម្មតា ពោលគឺមានទំហំដល់ទៅ៨ម៉ែត្រការ៉េ និងបំពាក់ទៅដោយឧបករណ៍ប្រណិតៗទាំងអស់។
មួយវិញទៀត វិបសាយផ្លូវការរបស់ក្រុមហ៊ុនខាងលើបានសរសេរបញ្ជាក់ពី The Bell 525 Relentless ដែរថា៖ “វាជាឧទ្ធម្ភាគចក្រល្អជាងគេប្រចាំឆ្នាំនេះ សម្រាប់ជូនដល់អតិថិជនណាដែលចង់លំហែកាយលើអាកាសជាលក្ខណៈគ្រួសារ ឬមានកម្មវិធីជប់លៀងអ្វីមួយ។ ជាពិសេសវាក៏ផ្ដល់ភាពងាយស្រួលដល់កិច្ចប្រជុំថ្នាក់ដឹកនាំក្រុមហ៊ុនធំៗផងដែរ”។
និយាយពីកម្លាំងម៉ាស៊ីនរបស់វាវិញគឺអាចហោះហើរបាន២៨៦គីឡូម៉ែត្រក្នុងមួយម៉ោង និងផ្ទុកប្រេងបាន២ ៤០០លីត្រ។ លើសពីនេះទៅទៀត ឧទ្ធម្ភាគចក្រមួយនេះអាចហោះហើរក្នុងរយៈចម្ងាយ៩២៥គីឡូម៉ែត្រដោយមិនបាច់ឈប់បាន៕