អ្នកចាំទី Iker Casillas របស់ Real Madrid ត្រូវបានគេកោតសសើរថាមានឥរិយាបថល្អមែន បន្ទាប់ពីវីរបុរសអេស្ប៉ាញរូបនេះ បានដោះអាវរបស់ខ្លួន ទៅឲ្យអ្នកគាំទ្រវ័យក្មេងម្នាក់ ដែលរងរបួសដោយសារត្រូវ១បាល់ ដើម្បីជាការលួងលោម ក្នុងអំឡុងពេលក្រុម Real លត់ Granada ៩-១ កាលពីយប់មិញ។
ក្រោយត្រូវ១បាល់ ដែលស៊ុតដោយកីឡាករក្រុម Granada អ្នកគាំទ្រវ័យក្មេងរូបនោះ ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗ។ ចំណែក Casillas វិញ ហាក់ដូចជាខ្វាយខ្វល់ដល់ក្មេងម្នាក់នោះយ៉ាងខ្លាំង ទោះបីជាការប្រកួតមិនទាន់បញ្ចប់ក៏ដោយ ប៉ុន្តែអ្នកចាំទី Real ដៃទី១រូបនេះ បានងាកទៅមើលក្មេងនោះផងដែរ ដែលបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំង។
បន្ទាប់ពីអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់តង់ទី១ Casillas បានដោះអាវរបស់ខ្លួនភ្លាម ទៅឲ្យសន្តិសុខ យកទៅឲ្យបន្តដល់ក្មេងម្នាក់នោះ ហើយអ្នកគាំទ្រវ័យក្មេង ដែលពុំបានរងរបួសអ្វីធ្ងន់ធ្ងរនោះ ក៏បានពាក់អាវលេខ១ របស់ Casillas យ៉ាងរីករាយបំផុត៕