ក្រុមហ៊ុន Microsoft បានកាត់បន្ថយបុគ្គលិករបស់ខ្លួនរាប់រយនាក់កាលពីសប្ដាហ៍មុន ដែលនេះជាផ្នែកមួយស្ថិតក្នុងគម្រោងកាត់បន្ថយបុគ្គលិក ១៨ ០០០នាក់ កាលពីឆ្នាំ ២០១៤។
បើតាមអ្នកនាំពាក្យមួយរូបរបស់ Microsoft បានឱ្យដឹងថា ចំនួនបុគ្គលិករាប់រយនាក់ដែលត្រូវបានកាត់បន្ថយនោះ គឺជាបុគ្គលិកផ្នែក IT របស់ Microsoft តែពុំបានបញ្ជាក់ពីតួលេខជាក់លាក់នោះឡើយ។ ”យើងសង្ឃឹមថានេះ នឹងជាការកាត់បន្ថយបុគ្គលិកលើកចុងក្រោយ ទៅលើការកែប្រែហេដ្ឋារចនាសម្ព័ន្ធរបស់ Microsoft កាលពីខែកក្កដាឆ្នាំ ២០១៤”។ អ្នកនាំពាក្យខាងលើបញ្ជាក់។
បើតាមលោក Satya Nadella ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Microsoft បានឱ្យដឹងថា គោលបំណងនៃការកាត់បន្ថយបុគ្គលិកនេះ គឺដើម្បីជំរុញឱ្យជំនួញរបស់ក្រុមហ៊ុនកាន់តែមានប្រសិទ្ធភាពជាង មុន។
គួររំឭកដែរថា ការកាត់បន្ថយបុគ្គលិកនេះ បានធ្វើឡើង ៣ដងមកហើយ ដែលទី១, ទី២ និងទី៣ ធ្វើឡើងនៅខែ កក្កដា កញ្ញា តុលា ឆ្នាំមុន។ បុគ្គលិកដែលត្រូវបានកាត់បន្ថយកន្លងមក ភាគច្រើនជាអតីតបុគ្គលិករបស់ក្រុមហ៊ុន Nokia (១២ ៥០០នាក់ ក្នុងចំណោម ១៨ ០០០នាក់)។ ក្រៅពីនោះ បុគ្គលិកផ្ទាល់របស់ Microsoft ដែលស្ថិតក្នុងផ្នែក OS, Microsoft Research, Xbox, MSN បុគ្គលិកផ្នែកទីផ្សារនិងផ្នែកវិស្វកម្ម ក៏ត្រូវកាត់បន្ថយដែរ៕