វីរបុរស ប្រេស៊ីល Ronaldo បាននិយាយថា ខ្សែប្រយុទ្ធ Zlatan Ibrahimovic របស់ក្រុម Paris Saint-Germain គឺជាកីឡាករដែលលោកពេញចិត្តបំផុត នៅក្របខ័ណ្ឌ Ligue 1 ប្រទេសបារាំង។
កីឡាករជម្រើសជាតិស៊ុយអែត Zlatan គឺជាកីឡាករដែលលេចធ្លោបំផុត នៅលីកកំពូលរបស់បារាំង តាំងពីផ្ទេរពី AC Milan កាលពីឆ្នាំ២០១២ និងជួយឲ្យ PSG លើកពានក្នុងលីកបាន២ដងជាប់គ្នា កាលពីរដូវកាល ២០១២-១៣ និង ២០១៣-១៤។
អតីតខ្សែប្រយុទ្ធដ៏ល្បីរបស់ពិភពលោក Ronaldo បានប្រាប់ដល់ Canal Plus ថា៖ “គាត់ជាកីឡាករដ៏អស្ចារ្យ និងតែងតែធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល ពេលដែលខ្ញុំទៅទស្សនានៅកីឡដ្ឋាន Parc des Princes ម្តងៗ។ ខ្ញុំតែងតែទៅប៉ារីសជាញឹកញាប់ ហើយគ្រប់ពេលដែលខ្ញុំទៅទស្សនាផ្ទាល់ Zlatan តែងតែធ្វើបានល្អ។ គាត់ជាកីឡាករសំណព្វចិត្តរបស់ខ្ញុំនៅ Ligue 1”។
Zlatan រកគ្រាប់បាល់បញ្ចូលទីឲ្យក្រុមរបស់ខ្លួន PSG បាន២៨គ្រាប់ហើយនៅរដូវកាលនេះ ក្នុងការបង្ហាញខ្លួន៣៤ប្រកួត គ្រប់ការប្រកួតទាំងអស់៕