សម្រាប់ អ្នកជាប់ក្នុងដំណាក់កាលសម្ភាសន៍ការងារ ប្រាកដជាបារម្ភនៅពេលដែលត្រូវឆ្លើយសំណួរពិបាកៗរបស់អ្នកសម្ភាស ជាពិសេសសំណួរថា “ហេតុអ្វីបានជាពួកយើងគួរជ្រើសរើសអ្នក?”។ សំណួរនេះគឺអ្នកសម្ភាស ចង់ឲ្យអ្នកបញ្ជាក់ថាអ្នកពិតជាមានសមត្ថភាពសក្ដិសមនឹងការងារ នោះមែន។ ដូច្នេះតើគួរឆ្លើយយ៉ាងណា?
ដោយផ្អែកតាមគន្លឹះរបស់អ្នកស្រី Lynn Taylor ដែលជាអ្នកជំនាញខាងការងារ បានបង្ហាញពីចំណុចសំខាន់ក្នុងការឆ្លើយសំណួរនេះដូចខាងក្រោម៖
១. បង្ហាញនូវតម្លៃរបស់អ្នក
បង្ហាញនូវអ្វីដែលមានចំពោះការងារ ដូចជាជំនាញដែលពាក់ព័ន្ធ ការសិក្សា ការបណ្ដុះបណ្ដាល ដែលជួយបង្ហាញថាអ្នកពិតជាសក្ដិសមនឹងការងារ។ អ្នកអាចត្រៀមទុកជាមុនសម្រាប់ការឆ្លើយសំណួរដោយបង្ហាញរាល់ចំណុច សំខាន់ៗដែលទាក់ទងនឹងការងារ។
២. លើកឡើងពីស្នាដៃដែលសម្រេចបាន
ពេលសម្ភាសន៍ គឺជាឱកាសសម្រាប់អ្នកដើម្បីបង្ហាញពីស្នាដៃ និងបទពិសោធន៍ដែលអ្នកមាន ហើយអ្នកត្រូវប្រាកដថាអ្នកបានបង្ហាញជាមតិចូលរួមចំណែកជួយ ក្រុមហ៊ុន និងលើកឡើងពីចំណុចសំខាន់ៗដែលមានផលវិជ្ជមានសម្រាប់ក្រុមហ៊ុន។ ត្រូវចងចាំថាអ្នកនិយាយដោយសង្ខេបតែពីចំណុចពាក់ព័ន្ធសំខាន់ៗ បានហើយ។
៣. បង្ហាញពីជំនាញទំនាក់ទំនងរបស់អ្នក
– ប្រសិនបើអ្នកមានជំនាញទំនាក់ទំនងដែលវាជាផ្នែកទុនមួយសម្រាប់ ការងារ ដូចជាបទពិសោធន៍ ជាមេក្រុម ជាប្រធានដឹកនាំ ទំនួលខុសត្រូវខ្ពស់ អ្នកអាចបង្ហាញបានក្នុងពេលសម្ភាស។
– អ្នកអាចបង្ហាញចំណាប់អារម្មណ៍ថាអ្នកពិតជារីករាយចំពោះការងារ និងពេញចិត្តក្នុងការទទួលយកការងារនោះធ្វើ។
– ត្រូវប្រាកដថាអ្វីដែលអ្នកបានបង្ហាញគឺត្រឹមត្រូវនិងមិនផ្ទុយពី ការពិត និងបានលើកមកបង្ហាញដោយសង្ខេប តែចំគោលដៅ៕