កាល ពីថ្ងៃពុធម្សិលមិញក្រុមហ៊ុន Google បានប្រកាសដាក់ឲ្យដំណើរការប្រព័ន្ធ Mobile Network របស់ខ្លួនជាផ្លូវការណ៍ដែលគម្រោងនោះមានឈ្មោះថា Project Fi ក្នុងសហរដ្ឋអាមេរិកសម្រាប់អ្នកប្រើប្រាស់ទូរសព្ទ Smartphone ម៉ូដែល Nexus 6។
អ្នកប្រើប្រាស់គម្រោង Project Fi នេះត្រូវចំណាយ ២០ ដុល្លារក្នុងមួយខែសម្រាប់ការខល សារ SMS រួមទាំងការផ្ទេរ WiFi ជាមួយនឹងឧបករណ៍ផ្សេងទៀត។ បន្ថែមទៀតនោះក៏មានគម្រោងទិន្នន័យ ១០ ដុល្លារសម្រាប់ទិន្នន័យ 1 GB ក្នុងមួយខែហើយ គម្រោងនេះប្រសិនបើពួកគេប្រើមិនអស់ទំហំទិន្នន័យទេ ក្រុមហ៊ុននឹងសងទឹកប្រាក់ត្រលប់ទៅក្នុងគណនីរបស់ពួកគេវិញ។
ឧទាហរណ៍បើអតិថិជនចុះឈ្មោះទិន្នន័យទំហំ 3 GB (តម្លៃ ៣០ ដុល្លារ) ប៉ុន្តែប្រើអស់តែ 1.4 GB ដូច្នេះពួកគេនឹងទទួលបានប្រាក់ត្រលប់មកវិញចំនួន ១៦ ដុល្លារ។ នេះបើតាមការឲ្យដឹងពីក្រុមហ៊ុន។ អ្នកប្រើប្រាស់ក៏អាចជ្រើសរើសគម្រោងទិន្នន័យបានរហូតដល់ 10 ក្នុងមួយខែបូករួមទាំង 1 GB បន្ថែម។
ជាមួយគ្នានោះដែរ International Data Roaming ប្រហែលជាត្រូវបានដាក់បន្ថែមឲ្យប្រើប្រាស់ក្នុងបណ្ដាប្រទេស ច្រើនជាង ១២០ ប្រទេស ប៉ុន្តែវានឹងត្រូវបានកំណត់ចំពោះល្បឿនប្រព័ន្ធ 3 G។ ការខលឆ្លងប្រទេសនឹងគិតតម្លៃ ២០ សេនក្នុងមួយនាទី ហើយការផ្ញើសារឆ្លងប្រទេសនឹងមិនគិតថ្លៃទេ។
គម្រោង Project Fi នេះនឹងមានកំណត់សម្រាប់អតិថិជនក្នុងសហរដ្ឋអាមេរិក ហើយក្រុមហ៊ុន បាននិយាយថា ទូរសព្ទរបស់ពួកគេនឹងប្ដូរដោយស្វ័យប្រវត្តិរវាងសេវា Wi-Fi, Sprint, និង T-Mobile ទៅតាមសេវាមួយដែលផ្ដល់រលកសញ្ញាខ្ពស់ជាងក្នុងតំបន់ណាមួយ៕