ពេល សម្ភាសន៍ គឺជាដំណាក់កាលសំខាន់មួយ ដែលធ្វើឲ្យក្រុមហ៊ុនអាចវាយតម្លៃ និងសម្រេចថាជួលអ្នកជាបុគ្គលិកឬអត់។ ចម្លើយឆ្លើយតបរាល់សំនួររបស់អ្នកសម្ភាសន៍ គឺជាកត្តាកំណត់ជោគវាសនារបស់អ្នក។ យ៉ាងណាមិញ ក្នុងពេលសម្ភាសន៍ អ្នកមិនមែនជាបេក្ខភាពប្រលងដែលរង់ចាំតែឆ្លើយនោះទេ ពេលខ្លះក៏ត្រូវរកនឹកសំនួរតបវិញដែរ ដើម្បីបង្ហាញពីសមត្ថភាពរបស់អ្នក។ សំណួរខ្លះអាចមានប្រយោជន៍ ចំណែកសំណួរខ្លះបែរជាធ្វើឲ្យប៉ះពាល់ដល់ឱកាសការងាររបស់អ្នកទៅ វិញ ប្រសិនបើមិនបានគិតឲ្យល្អិតល្អន់ទេនោះ។
១. ហេតុអ្វីបានជាអ្នកជួលបុគ្គលិក?
នេះគឺជាសំនួរសាមញ្ញធម្មតាបំផុត ចំណែកឯចម្លើយវិញក៏ហាក់គ្មានអ្វីខុសប្លែកពីធម្មតាដែរ “ត្រូវការទើបជួល”។ ជំនួសមកវិញ គួរសួរសំនួរដែលមានប្រយោជន៍ថា “ហេតុអ្វីតំណែងនេះត្រូវបើកចំហ?”។ សំនួរបែបនេះ មិនត្រឹមតែបង្ហាញថាអ្នកជាមនុស្សឆ្លាតវៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចឲ្យអ្នកដឹងព័ត៌មានច្រើនផងដែរ។ ប្រសិនបើក្រុមហ៊ុនកំពុងពង្រីកបន្ថែម នោះអ្នកអាចមានឱកាសសួរសំនួរបន្តទៀតថា តើមនុស្សប៉ុន្មាននាក់ដែលត្រូវជួល។ បើព្រោះតែអ្នកធ្វើការមុនឡើងតំណែង នោះមានន័យក្រុមហ៊ុនយកចិត្តទុកដាក់ចំពោះការឡើងតំណែង។ ប្រសិនបើព្រោះតែអ្នកធ្វើការចាស់ឈប់ នោះអ្នកត្រូវស្វែងយល់ថាហេតុអ្វីមានរឿងបែបនេះកើតឡើង។
២. តើអ្នកមានគោលការណ៍យ៉ាងណាដែរ ចំពោះគ្រឿងញៀន និងគ្រឿងស្រវឹង?
សំនួរនេះហាក់បង្ហាញយ៉ាងច្បាស់ថា អ្នកជាមនុស្សដែលកំពុងញៀនជាមួយគ្រឿងពង្វក់ស្មារតីទាំងនោះ ព្រមទាំងមានបំណងចង់ការពារខ្លួនទុកជាមុន។ បើទោះបីអ្នកជាមនុស្សចូលចិត្តទទួលទានគ្រឿងស្រវឹងគ្រាន់ជាការ សប្បាយ ក៏មិនត្រូវលើកយកសំនួរទាក់ទងគោលការណ៍នេះមកនិយាយដែរ ព្រោះវាអាចបង្ហាញពីចំណុចខ្សោយរបស់អ្នក។
៣. តើខ្ញុំអាចធ្វើការពីផ្ទះបានទេ?
បើទោះបីគ្មានការបញ្ជាក់នៅក្នុងសេចក្ដីរៀបរាប់លម្អិតនៃមុខ តំណែង ក៏អ្នកមិនត្រូវសួរសំនួរនេះទៅអ្នកសម្ភាសន៍ដែរ។ ក្រុមហ៊ុនខ្លះអនុញ្ញាតឲ្យអ្នកធ្វើការពីផ្ទះ ប្រសិនបើអ្នកអាចផ្ដល់ផលប្រយោជន៍ឲ្យគេបានច្រើន។ ទោះបែបនេះក្ដី ពេលសម្ភាសន៍អ្នកត្រូវផ្ដោតសំខាន់ទៅលើតិកនិកធ្វើយ៉ាងណាឲ្យគេ ចាប់អារម្មណ៍ខ្លួនសិន មុននឹងពិភាក្សារឿងលម្អិតផ្សេងទៀត។
៤. បើខ្ញុំចូលធ្វើការលឿន អាចចេញវិញលឿនដូចគ្នាទេ?
បុគ្គលិកភាគច្រើន អាចមានធុរៈផ្ទាល់ខ្លួនដូចជា ត្រូវទៅទទួលកូន ឬកន្លែងស្នាក់នៅឆ្ងាយជាដើម ដែលធ្វើឲ្យពួកគេចង់ចេញមុនម៉ោង និងមកធ្វើការលឿនដើម្បីសងវិញ។ យ៉ាងណាក៏ដោយ បញ្ហានេះមិនគួរលើកយកមកសួរនៅពេលសម្ភាសន៍ឡើយ ព្រោះអាចបង្ហាញថាអ្នកជាមនុស្សគិតរឿងផ្ទាល់ខ្លួន ជាងប្រយោជន៍ក្រុមហ៊ុន។
៥. តើអ្នកដំឡើងតំណែងបុគ្គលិកលឿនប៉ុណ្ណា?
សំនួរបែបនេះគួរចៀសវាងដាច់ខាត មិនគួរសួរទៅអ្នកសម្ភាសន៍វិញឡើយ ព្រោះវាបង្ហាញថាអ្នកជាមនុស្សមានមហិច្ឆតាធំជាងឆន្ទៈការងារ។ ជាទូទៅក្រុមហ៊ុនមើលលើសមត្ថភាពការងាររបស់បុគ្គលិក និងអាចដំឡើងតំណែងឬអត់ ទៅតាមការវាយតម្លៃនោះ។ ដូចនេះ បើទោះបីអ្នកសួរទុកមុន ក៏គ្មានប្រយោជន៍អ្វីជាដុំកំភួនដែរ។
៦. តើខ្ញុំអាចទទួលបានការិយាល័យផ្ទាល់ខ្លួនឬទេ?
បុគ្គលិកភាគច្រើន អាចមានការព្រួយបារម្ភចំពោះបរិស្ថាននៅកន្លែងការងារ និងចង់បានការិយាល័យផ្ទាល់ខ្លួន។ យ៉ាងណាមិញ ការសួរសំនួរបែបនេះនៅពេលសម្ភាសន៍ មិនមែនជារឿងសមរម្យឡើយ។ ត្រូវគិតពីឱកាសការងារជាមុន ចំណែកឯបរិស្ថានការងារ ទទួលយកបាន ឬមិនបានគឺជារឿងក្រោយ។
៧. សំនួរនានាទាក់ទងនឹងប្រាក់ខែ ឬអត្ថប្រយោជន៍បន្ថែម
ជាការពិតណាស់ អ្នកធ្វើការចង់បានប្រាក់ខែច្រើន និងអត្ថប្រយោជន៍បន្ថែមដែលក្រុមហ៊ុនផ្ដល់ជូន ប៉ុន្តែការចាប់ផ្ដើមសួរសំនួរនេះមុនអ្នកសម្ភាសន៍ មិនមែនជារឿងគួរសមឡើយ។ ត្រូវជៀសវាងសួរសំនួរណា ដែលអាចឲ្យគេគិតថាអ្នកមានកន្លែងធ្វើការរួចទៅហើយ (មានកង់សឺកួរ)។ បញ្ហាប្រាក់ខែ និងប្រយោជន៍ដែលអាចទទួលបានពីក្រុមហ៊ុន គួរឲ្យអ្នកសម្ភាសន៍ជាអ្នកចាប់ផ្ដើមមុន៕