សព្វ ថ្ងៃមានគេហទំព័រជាច្រើននៅលើបណ្ដាញអ៊ីនធឺណិតដែលប្រិយមិត្តតែង តែចូលទស្សនាព័ត៌មានផ្សេងៗដែលកើតមានហើយក៏មានការងឿងឆ្ងល់ថា ហេតុអីបានជាគេហទំព័រទាំងនោះអាចមើលបានដោយសារអ្វី?
រាល់ចម្ងល់ទាំងនេះមានអ្នកជំនាញបង្ហាញត្រួសៗថាធ្វើយ៉ាងណាដើម្បីឲ្យគេហទំព័រមួយដំណើរការបាន។
លោក ហេង សាមឌី អ្នកប្រឹក្សាយោបល់ព័ត៌មានវិទ្យានៃ ICS បានឲ្យដឹងថា ដើម្បីឲ្យគេហទំព័រមួយដំណើរការបានលុះត្រាតែមាន Domain និង Hosting។ Domain និង Hosting មាន ២ គឺ មួយមិនចំណាយលុយ និង មួយទៀតត្រូវការចំណាយលុយ ដើម្បីទិញពីក្រុមហ៊ុនដែលមានសេវាកម្មលក់ Domain និង Hosting។
សម្រាប់ Domain គឺប្រិយមិត្តអាចទិញសេវាកម្មនេះក្នុងស្រុក ឬ ក្រៅស្រុកបាន តម្លៃប្រហែល ១០ ដុល្លារក្នុងមួយឆ្នាំដែលអាចសំគាល់កន្ទុយក្រោយដូចជា (.Com) (.edu) ជាដើម តែបើ Domain មានកំណត់សំគាល់ (.kh) គឺត្រូវបំពេញបែបបទសុំសិទ្ធទិញនៅក្រសួងប្រៃសណីយ៍ផ្ទាល់និងត្រូវ ចំណាយលុយមួយតង់ទៀត។ ម្យ៉ាងទៀតការដែលចង់បាន .kh គឺជាការសំគាល់គេហទំព័រមួយនោះស្ថិតក្នុងប្រទេសកម្ពុជាដូច គេហទំព័រសប្បាយ www.sabay.com.kh។
ចំណែក Hosting វិញគឺប្រិយមិត្តអាចទិញសេវាកម្មនេះក្នុងស្រុក ឬ ក្រៅស្រុកបានចំណែកតម្លៃទាបបំផុតក៏តម្លៃ ៣០ ដុល្លារក្នុង ១ ឆ្នាំ។ Hosting គ្មានកំណត់សំគាល់ជាអក្សរអ្វីទេគ្រាន់តែមាននាទីយកទិន្នន័យផ្ទុក លើ Server មួយ។
អ្នកប្រឹក្សារូបនេះបន្តថា ការទិញ Domain និង Hosting នៅក្រៅស្រុក និង ក្នុងស្រុកខុសគ្នាត្រង់ថា ក្រៅស្រុកពិបាកក្នុងការប្រាស្រ័យទាក់ទងគ្នាម្យ៉ាងទៀតត្រូវប្រើ Visa Card ឬ Master Card ដើម្បីទិញ។ សម្រាប់ក្នុងស្រុកគឺប្រិយមិត្តងាយស្រូលទាក់ទងគ្នាពេលមានបញ្ហា និង គ្រាន់តែទៅដល់ក្រុមហ៊ុនផ្ទាល់ដើម្បីទិញ ឬអាចបង់តាមសេវាកម្មក្នុងស្រុក។
សាមឌី បន្ថែមថា សម្រាប់គេហទំព័រមាន ២ ប្រភេទ គឺគេហទំព័រលក្ខណៈជា Web blog ប្រៀបដូចទៅការជ្រកនៅក្រោមដំបូលផ្ទះគេដែរ ព្រោះគ្មានការចំណាយលុយ , បិទសិទ្ធិមិនឲ្យរៀបចំ feature ឬ Upload រូបភាពកន្លែងដែលអ្នកប្រើប្រាស់ចង់បាន ជាពិសេសមិនអាចឲ្យរកលុយតាម Google AdSense។
មួយវិញទៀតគឺគេហទំព័រធម្មតាដែលចែកចេញជា ២ គឺលក្ខណៈជា CMS ដូចជា Joomla, WordPress, Druple ជាដើមដែលមានគំរូឲ្យរើសស្រាប់ៗ, កែកូដបាន, ងាយស្រួលក្នុងការដាក់បញ្ចូលរូបភាព។ ហើយមួយទៀតគេហទំព័រលក្ខណៈសរសេរកូដទាំងស្រុង ទាមទារឲ្យមានការរចនាតាមកូដដែលចង់បាន និងពិបាកក្នុងការដាក់បញ្ចូលរូបភាព។